ព័ត៌មានជាតិ

អ្នកឆ្លងជំងឺកូវីដ-១៩ អនុញ្ញាតឲ្យប្រឡងបាក់ឌុប តែប្រឡងដាច់ដោយឡែក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សិស្សានុសិស្សដែលឆ្លងជំងឺកូវីដ-១៩ នៅតែអនុញ្ញាតឲ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្ដែប្រឡងដាច់ដោយឡែក ពីបេក្ខជនដទៃទៀត។

ការលើកឡើងរបស់ សម្តេចតេជោ បែបនេះក្រោយពី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «ករណីបេក្ខជន វិជ្ជមានជំងឺកូវីដ-១៩ ត្រូវទៅទទួលការព្យាបាល ស្របតាមវិធានវេជ្ជសាស្ត្រ និងមិនអនុញ្ញាតឲ្យចូលប្រឡងឡើយ ដើម្បីជៀសវាងការចម្លង ជំងឺនៅក្នុងមណ្ឌលប្រឡង។ តាមយន្តការបច្ចេកទេសកន្លងមក ចំពោះបេក្ខជនអវត្តមានដោយមូលហេតុបុគ្គល ចាប់ពី១វិញ្ញាសាឡើងទៅ ត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ»។

ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានកែតម្រូវចំពោះបញ្ហារបស់ អ្នកនាំពាក្យក្រសួងអប់រំ គឺអនុញ្ញាតឲ្យមានការប្រឡង។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំបានដោះស្រាយករណី ដែលមុននេះ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា អ្នកបានកើតកូវីដ សិស្សដែលបានកើតកូវីដ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡង ខ្ញុំបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡង»។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះបញ្ហាបេក្ខជនប្រឡង បាក់ឌុប ចំនួន២រូប ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាល បានបញ្ជូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នោះ បានអនុញ្ញាតឲ្យប្រឡង នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើបេក្ខជននៅវិទ្យាល័យបាក់ទូក កុំភ័យស្លន់ស្លោ ចំពោះបេក្ខជន ២រូប ដែលជាកីឡា រកឃើញជំងឺកូវីដ-១៩។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ខ្ញុំស្នើ កុំឲ្យវិទ្យាល័យបាក់ទូក ដែលមុននេះគ្រោង ប្រឡងនៅមណ្ឌលបាក់ទូក កុំមានការស្លន់ស្លោ យើងនឹងយកសិស្សទាំងពីររូបនេះ ដែលបានចេញទៅប្រកួតកីឡា ដោយមានការចាត់តាំងត្រឹមត្រូវ ពីក្រសួងអប់រំ យុវជន កីឡា ទៅធ្វើការប្រឡងនៅមន្ទីរពេទ្យ ដោយមានគ្រូពេទ្យពិនិត្យ ក្នុងការប្រឡងផងដែរ»។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ (បាក់ឌុប)នេះ មានរយៈ ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះតទៅ ហើយមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕

To Top