ព័ត៌មានជាតិ

ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករ និយោជិត បើកកិច្ចប្រជុំ បន្ទាប់ព ជំងឺកូវីដ១៩ ធូរស្រាល

ភ្នំពេញ៖ លោក ប៉ុក វណ្ណថាត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃ ប.ស.ស. ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមការងារទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន (ទ.ស.ប.ក) បានបើកកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។

លោកប្រធានក្រុមការងារ បានឱ្យដឹងទៀតថា បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន(ទ.ស.ប.ក)  នៅតែបន្តសកម្មភាព អនុវត្តកិច្ចការងាររបស់ខ្លួន ដោយនៅក្នុងឆ្នាំ២០២១នេះ មានករណីកម្មករនិយោជិត សន្លប់សរុបចំនួន ៣រោងចក្រ មានកម្មករនិយោជិត សរុបចំនួន ៣៨នាក់ ស្រី ៣៨នាក់ ដែលភាគច្រើន នៃកម្មករនិយោជិត ដួលសន្លប់ដោយផ្តើមចេញពី កម្មករនិយោជិតសន្លប់ម្នាក់ ឬពីរនាក់ប៉ុណ្ណោះ បន្ទាប់មកមានកម្មករនិយោជិត បានដួលសន្លប់តៗគ្នា ដែលគេហៅថា ជាជំងឺស្នេហ៍ហ្វូង។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមរបាយការណ៍របស់ ក្រុមការងារ ទ.ស.ប.ក បានបង្ហាញឱ្យឃើញថា៖ តាមរយៈការសិក្សាស្រាវជ្រាវទៅលើករណីកម្មករនិយោជិត ដួលសន្លប់កន្លងមក ឃើញថាមូលហេតុចម្បងៗ ដែលបណ្តាលឲ្យមាន ករណីសន្លប់កើតមានឡើង គឺបណ្តាលមកពី (១). បញ្ហាគីមី (២). បញ្ហារូបសាស្រ្ត (៣). បញ្ហាជីវសាស្ត្រ (៤). បញ្ហាចិត្តសាស្រ្តសង្គម (៥). បញ្ហាមេកានិច (៦). បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ និង (៧). បញ្ហាការងារបន្ថែមម៉ោងជាដើម។ ក្នុងចំណោមបញ្ហាទាំងអស់ ដែលក្រុមការងារ បានស្វែងរកឃើញខាងលើនេះ គឺបញ្ហាចិត្តសាស្ត្រសង្គម បញ្ហារូបសាស្រ្ត  និងបញ្ហាជីវសាស្រ្ត មានភាគរយខ្ពស់ជាងគេ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមលោក លោកស្រី ជាសមាជិកសរុប ប្រមាណជាង ១០រូប៕

To Top
×