ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តដល់ក្មួយៗ បេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យ ក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំនេះ

កំពង់ចាម ៖ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់ក្មួយៗបេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យ ដោយត្រូវប្រកាន់យកគោលការណ៍ «ចេះ ជាប់» ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្មួយៗសិស្សានុសិស្ស ដែលបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវខិតខំប្រឹងប្រែង និងបញ្ចញឲ្យអស់ពីសមត្ថភាព ដែលខ្លួនបានសិក្សាកន្លងមក ដើម្បីយកជ័យលាភី ឈានទៅបន្តការសិក្សា នៅសកលវិទ្យាល័យ និងចូលរួមប្រលងអាហាររូបករណ៍ផ្សេងៗទៀត ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជា សង្គមជាតិ ផងដែរ។

បើតាម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ នៅទូទាំងខេត្ត មានសិស្សានុសិស្សថ្នាក់ទី១២ បានដាក់ពាក្យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ចំនួនជាង ៧ពាន់នាក់ ។ ក្នុងឆ្នាំនេះដែរ ចំនួនបេក្ខជន ដែលបានដាក់ពាក្យប្រលង មានចំនួនថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ។

ដោយឡែក មន្ទីរអប់រំ បានបែងចែកមណ្ឌលប្រលង ជា ២ផ្នែក ក្នុងនោះមាន ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ចំនួន២.៨៣០នាក់ ត្រូវជា ៥មណ្ឌល ស្មើនឹង ១១៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៤.២៨១នាក់ មានចំនួនមណ្ឌល ៧ ស្មើនឹង ១៧២ បន្ទប់៕

To Top