នយោបាយ

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បបួល សម រង្ស៊ី ភ្នាល់ដាក់តំណែង បើសិនសញ្ញាបត្រយោធា របស់លោករៀននៅអាមេរិក ជាសញ្ញាបត្រកិត្តិយស (Video)

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបេក្ខភាពនាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត បានបបួលលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលរត់ទៅរស់នៅក្រៅប្រទេស ភ្នាល់ដាក់តំណែង បើសិនសញ្ញាបត្រយោធា របស់លោករៀននៅអាមេរិក ជាសញ្ញាបត្រកិត្តិយស។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «ផ្ញើរសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ»។

លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ លោក សម រង្ស៊ី ធ្លាប់បាននិយាយមើលងាយ ថាសញ្ញាបត្ររបស់លោក ពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយស សម្រាប់និស្សិតនាយទាហាន បរទេស ដែលរៀនក្រោមស្តង់ដា។

លោកបន្តថា ដើម្បីការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោក ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរ ជាច្រើនរូប ដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សា នៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀត របស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានា លើសកលលោក លោកបានទាមទារឱ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសំដី ក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។

លោក ហ៊ុន ម៉ាណែត បន្ថែមថា «ជាការឆ្លើយតបនៅពេលនោះ លោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ាន ធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ”។ sic.
អ្វីដែលលោកស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហាន ដើម្បីការពារអំណះអំណាង របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ “ប្រភេទ២” ឬ “សញ្ញាប័ត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារមាក់ងាយទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ អោយនិស្សិតទាំងនោះ។

លោក ហ៊ុន ម៉ាណែត បន្តថា ប្រហែលជាបងប្អូននិស្សិតខ្មែរ ដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់ យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្រ បញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។

ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរ លោក ហ៊ុន ម៉ាណែត ក្នុងនាមជានិស្សិតម្នាក់ ដែលបានបញ្ចប់ការសិក្សា នៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ ដែលរៀននៅក្រៅប្រទេស ដែលត្រូវលោកសម រង្សី មើលងាយ) លោកសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។

ក្នុងនោះលោក ហ៊ុន ម៉ាណែត បានដាក់លក្ខណ្ឌនៃការភ្នាល់ដូចតទៅ÷

លោក ហ៊ុន ម៉ាណែត បានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។

បើសិនជាលោក សម រង្ស៊ី អាចអោយសាលាទាំងបីនេះ បញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ លោកនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីអោយមានតម្លាភាព ក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងលោក ហ៊ុន ម៉ាណែត ដើម្បីទំនាក់ទំនង សុំការបំភ្លឺពីសាលាទាំងបី ដែលលោកធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថា រាជរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធទៅលើសាលាទាំងបីនោះ មិនអោយបញ្ជាក់ការពិត។

តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

លោក ហ៊ុន ម៉ាណែត សង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះ លែងជឿអ្នកនយោបាយចាស់វស្សា ដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកស ទៀតហើយ។

លោកសង្ឃឹមថា អ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយ ដូចជារូបលោក។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់លោកជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើលោក ដែលជាក្មេងជំនាន់ក្រោយទៅវិញ។
លោកថា បើលោក សម រង្សី ជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាល ថាមនុស្សចាស់វស្សា តែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។
លោកបន្ថែមថា ណាមួយលោក សម រង្ស៊ី មានអាយុច្រើនជាងឪពុកលោកផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ»៕

To Top