ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ពន្លឿនផែនការ ចាក់វ៉ាក់សាំងដូសទី ៣ ជូនប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ដើម្បីធ្វើការពន្លឿនផែនការ ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ ខណ:មេរោគកូវីដ១៩ បម្លែងថ្មី អូមីក្រុង ត្រូវបានក្រសួងសុខាភិបាល រកឃើញជាបន្តបន្ទាប់ ។

បើតាមប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម លោក គឹមសួរ ភីរុណ បានឲ្យដឹងថា ប្រជាពលរដ្ឋ ចាប់ពីអាយុ ៥ឆ្នាំឡើងទៅ ដែលបានទទួលការ ចាក់វ៉ាក់សាំង មានចំនួន ៩៤០,១៧៥នាក់ ក្នុងនោះ ត្រូវបានចាក់ ដូសទី១ ដូសទី២ ចប់ហើយ និងបច្ចុប្បន្នកំពុងចាក់ដូសទី៣ បានចំនួន ប្រមាណជា ៣០% ។

លោក គឹមសួរ ភីរុណ បានបញ្ជាក់ថា ដំណើរការ ចាក់ដូសទី ៣ ជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ ដែលមូលហេតុ នៃកាយឺតនេះ មន្ទីរសុខាភិបាល បានស្រាវជ្រាវរកឃើញមាន ៨ ចំណុច ក្នុងនោះ ចំណុច ទី១ ប្រជាពលរដ្ឋមួយចំនួន មិនទាន់ដល់ពេលចាក់វ៉ាក់សាំង ដូសជម្រុញបាន ។
ទី២ ដោយសារមិនមានថ្ងៃកំណត់ ឲ្យពួកគាត់មកចាក់ដូសទី៣ ទើបពួកគាត់ចេះតែពន្យារពេល ។
ទី៣ ពួកគាត់ដឹង តៗគ្នាក្រៅផ្លូវការ ថា ពេលចាក់ដូសទី៣ រួច ធ្វើទុក្ខក្តៅខ្លួន ឬឈឺសាច់ដុំ ។
ទី៤ មានប្រជាពលរដ្ឋមួយចំនួនមិនទាន់បានទទួលព័ត៌មានការចាក់ដូសទី ៣ ។
ទី៥ មានប្រជាពលរដ្ឋ មួយចំនួនគេចវេស មិនព្រមមកចាក់ ដោយសារតែគាត់បានចាក់២ ដូសរួចមកហើយ ។
ទី៦ មានប្រជាពលរដ្ឋខ្លះយល់ច្រឡំ ថាចាក់ដូសទី ៣ ថ្នាំស៊ីណូវ៉ាក់ដដែល ខ្លាចគ្មានប្រសិទ្ធភាព ។
ទី៧ ៖អាចមានការពន្យាការចាក់ទាំងខាងប្រជាពលរដ្ឋ និងខាងមន្ត្រីសុខាភិបាល ។
ទី៨ បញ្ហាការបែងចែក ដោយអ្នកបានចាក់ជាមួយខាងយោធា ត្រូវចាក់ដូសទី ៣ ជាមួយយោធាវិញ រីឯអ្នកបានចាក់ទីពីរជាមួយមន្ត្រីសុខាភិបាល ត្រូវមកចាក់ដូសទី៣ កន្លែងមន្ត្រីសុខាភិបាលវិញ ដើម្បីងាយស្រួលបញ្ចូលទិន្នន័យ ។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញនេះ គឺមានសារៈសំខាន់ណាស់ក្នុងការ ការពារទប់ស្កាត់ការឆ្លង រាលដាលដាលជំងឺកូវីដ១៩ រួមទាំងមេរោគបំលែងថ្មី អូមីក្រុង នោះដែរ ដូច្នេះ អាជ្ញាធរក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំផែនការ ក៏ដូចជា កសាងកម្លាំង ដើម្បីចុះទៅមូលដ្ឋាន ដើម្បី ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ដើម្បីការពារសុខមាលភាព របស់ពួកគាត់ ឲ្យរួចផុតពីការឆ្លងរាលដាលជាថ្មី នូវវីរុសកូវីដ១៩ បំលែងថ្មីនេះ ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានប្រាប់ឲ្យគណៈបញ្ជាការ រដ្ឋបាលក្រុង ស្រុក ជួយក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យស្ទុកទឹកប្រើប្រាស់ មានការសន្សំសំចៃ ទុកសម្រាប់ស្រោចស្រព ដំណាំ នារដូវប្រាំងនេះ ។ ទន្ទឹមនឹងរដូវប្រាំងចូលមកដល់នេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរ ត្រៀមលក្ខណៈ ដើម្បីអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ពេលមានអគ្គីភ័យកើតឡើង ។ ក្នុងនោះត្រូវមានការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះប្រភពដែលនាំឱ្យកើតអគ្គីភ័យ ដូចជាការបិទបារ៉ែតភ្លើង ពេលមិននៅផ្ទះ ភ្លើងចង្ក្រាន ឬ ភ្លើងភ្នក់ដែលដុតនៅក្រៅផ្ទះ ត្រូវពិនិត្យមើលឱ្យសព្វជ្រុងជ្រោយផងដែរ ។ ដូច្នេះសមត្ថកិច្ចមូលដ្ឋាន ត្រូវពិនិត្យឡើងវិញនូវរថយន្តពន្លត់អគ្គីភ័យ និងត្រៀមកម្លាំងប្រចាំការ ដើម្បីជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ៕

To Top