ព័ត៌មានជាតិ

ព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូនល្អ ខណៈបេក្ខជនអវត្តមាន ជាង៤ពាន់នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹកថ្ងៃទី២ នៃដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ គួរឲ្យកត់សម្គាល់ឡើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ បានបញ្ជាក់ថា «ដំណើរការសំណេរ ព្រឹកថ្ងៃទី២នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ គួរឲ្យកត់សម្គាល់ឡើយ។ បើទោះបីមានភ្លៀងធ្លាក់តិចតួច និងអាកាសធាតុចុះត្រជាក់ នៅតាមមណ្ឌលមួយចំនួន ប៉ុន្តែដំណើរការសំណេរ នៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសង្កេតការពី អង្គភាពប្រឆាំងអំពើពុករលួយ ការចូលរួមសហការពីកងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់»។

ក្រសួង បន្ដថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ចែកចេញជា ៤៦១៦ បន្ទប់ ។ នៅព្រឹកនេះ បេក្ខជនអវត្តមានសរុបមានចំនួន ៤៤៣០នាក់ (គិតបូកយោងទាំងអវត្តមាន ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១) ដែលស្មើនឹង ៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស។

ក្រសួង បន្ថែមថា បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។

ជាងនេះទៅទៀត ក្រសួងអប់រំ លើកឡើងថា បេក្ខជនមានបញ្ហាសុខភាព ចំនួន៣៦ករណី ក្នុងនោះ បេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡង នៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀត ចំនួន៣១នាក់។

ដោយឡែកបេក្ខជន ២នាក់ មានបញ្ហាសុខភាពត្រូវបាន បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់ មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពេលគាត់បញ្ចប់ដំណើរ សំណេរព្រឹកថ្ងៃទី២នេះ។ ជារួមបេក្ខជនដែលមាន បញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ៕

To Top