ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស អតីតអ្នកតំណាងរាស្ត្រ លោក អះម៉ាត់យ៉ះយ៉ា និង ក្មួយប្រុស ដាក់គុក ក្នុងម្នាក់ៗ ១៥ ឆ្នាំ​ ពាក់ព័ន្ធបទល្មើសជួញដូរ មនុស្សឆ្លងដែន

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១ បានបើកសវនាការ ដើម្បីប្រកាស សាលដីកា លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ជនជាតិខ្មែរអ៉ីស្លាមចំនួន២នាក់ គឺ លោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុសម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីខែសីហា ២០១៩ កាត់ទោស ដាក់ពន្ធធានាគារ កំណត់ក្នុងមា្នក់ៗ កំណត់ ១៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការនាំចេញ ដោយមិនស្របច្បាប់ នូវ ពលករខ្មែរ ចំនួន ៣១២នាក់ ទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអូឌីត ( Saudi Arabia) និង ក្រោយមក បានលក់ជនរងគ្រោះម្នាក់ៗ ក្នុងតម្លៃ ២ម៉ឺនដុល្លារអាមេរិក ធ្វើឱ្យធ្វើការជាមេផ្ទះ ឬ ពលករ នៅទីនោះ ប្រព្រឹត្តកាលពីអំឡុង ២០០៤ ដល់ ២០១៧ ។

សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុកនៅជាបានការដដែល និងតម្កល់ទោស ជនជាប់ចោទពូ និង ក្មួយប្រុស ជាប់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៥ ឆ្នាំដដែល តែ បើកផ្លូវឲ្យពួកគេ ប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល ក្នុងរយៈ ៣០ថ្ងៃ។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទ ២នាក់ មានឈ្មោះ អះម៉ាត់ យ៉ះយ៉ា ភេទប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម ជាអតីតអ្នកតំណាងរាស្ត្រ និង ជារដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និង ជាប្រធានក្រុមហ៊ុនAccent Group និង ម្នាក់ទៀត ឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម និង ជាអតីតមន្រ្តីរាជការ ធ្វើការនៅក្រសួងសាធារណៈការនិងដឹកជញ្ជូន។

លោកចៅក្រមសំណាងបានបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ១៥ ឆ្នាំ និង បង្កាប់ឱ្យរួមគ្នា សងជំងឺចិត្ត ដល់ដើមបណ្តឹងម្នាក់ៗ ២០០លានរៀល ពីបទ: នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន តាមបញ្ញាត្តិ មាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិង ការធ្វើអាជីវកម្មផ្លូវភេទ។ តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍។

ក្នុងចំណោមពួកគេទាំង២នាក់ ជនជាប់ចោទឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ខណៈឯ ជនជាប់ចោទ ឈ្មោះ អះម៉ាត់យ៉ះយ៉ា ត្រូវបានចាប់ឃាត់ និង ឃុំខ្លួន កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ បន្ទាប់ពី តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម និង សម្តេចផ្តន្ទាទោស គាត់ ដាក់ ពន្ធនាគារ កំណត់ ១៥ ឆ្នាំ។

គួររំលឹកថា នាពេលសវនាការ កាលេពីកន្លងមក, ជនជាប់ចោទទាំង២នាក់ ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការជំនុំជម្រះ បានឆ្លើយបដិសេធ យ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពួកគាត់ និង ការសម្រេចផ្តន្ទាទោស ពួកគេ ដាក់ពន្ធនាគារ អំពីចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ។

ពួកគាត់បានថ្លែងថា ពួកគាត់ មិនបានដឹង ឬ បានប្រព្រឹត្ត ដូចការចោទប្រកាន់ ពួកគាត់ ខាងលើនោះទេ។

ពួកគាត់ទាំង២នាក់ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ មេតា្តជួយរកការពិត និង យុត្តិធម៌ដល់ពួកគាត់ផង និង សម្រេចទម្លាក់បទចោទប្រកាន់ និង ដោះលែង ពួកគាត់ អោយមានសេរីភាពវិញ៕

ដោយ រស្មី អាកាស

To Top