ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ៖ ខ្ញុំមិនដណ្តើមស្នាដៃអ្នកណាទេ តែក៏កុំមកដណ្តើមស្នាដៃខ្ញុំដែរ

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចមិនដែលទៅដណ្ដើមយកស្នាដៃអ្នកណាទេ តែក៏កុំមកដណ្ដើមស្នាដៃ របស់សម្ដេចដែលខិតខំប្រឹងប្រែង តស៊ូបានមកដោយលំបាករហូតមកដល់បច្ចុប្បន្ន ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ធ្នូនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ដើម្បីបង្កើតអង្គការចាត់តាំងនយោបាយ និងយោធា សម្រាប់រំដោះប្រទេសចេញពីរបបប៉ុល ពត គឺបានកសាងកងទ័ពមួយដែលពេលនោះមាន២៣កងវរសេនាតូច និង១០០ក្រុមប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធ ចូលផ្ទៃក្នុងប្រទេស ។ សម្ដេចថា ពេលនោះសម្ដេចមិនមែនជាមេទ័ពទេ ក៏ប៉ុន្តែជាអ្នកបង្កើតកងទ័ពនេះឡើង ហើយក៏កាន់ជាមេបញ្ជាការកងទ័ពនេះតែម្ដង ។

សម្ដេចតេជោបន្តថា ឋានន្តរសក្ដិសម្ដេចពាក់លើស្មានេះ មិនមែនពាក់ដោយចៃដន្យនោះទេ ក៏ប៉ុន្តែជាការសព្វព្រះទ័យ ព្រះរាជទានរបស់ព្រះមហាក្សត្រដែលព្រះអង្គបានដឹង បានឃើញអំពីកិច្ចការសម្ដេចបានធ្វើ ក្នុងឋានៈជាទាហាន នាយទាហាន និងបន្ទាប់ទៅមិនមែនត្រឹមតែជានាយទាហានទេ គឺជាអ្នកបង្កើតទាហាន ។

សម្តេចតេជោបានថ្លែងថា កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និងបក្សនយោបាយបានទេ។ នរណាក៏ដោយដែល ធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែចាត់វិធានការភ្លាម។ សម្តេចតេជោ បានប្រាប់ទៅដល់អនុព័ន្ធយោធាទាំងអស់ថា កម្ពុជាមិនបណ្តែតបណ្តោយ ឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់កម្ពុជានោះទេ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «បើសិនជាគ្មានអាហ្នឹងទេ រណសិរ្សមានតែនយោបាយ អត់មានកម្លាំងប្រដាប់អាវុធទេ ។ នេះគឺជារឿងពិត ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដណ្ដើមស្នាដៃអ្នកណា តែក៏សូមកុំដណ្ដើមយកស្នាដៃរបស់ខ្ញុំ» ។

សម្ដេចក៏បានឲ្យទៅសួរមេទ័ពដែលនៅចាស់ៗ បានពេញព្រៃចំការកៅស៊ូស្នួល មកធ្វើមីន្ទេញ ២ធ្នូ តើជាកងទ័ពរបស់អ្នកណា ។

សម្ដេចតេជោ បានលើកឡើងថា រណសិរ្សកើតនៅថ្ងៃ២ ធ្នូ ១៩៧៨ រីឯអង្គភាពរៀបរយ គឺបង្កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ ដែលកាលនោះនៅលើផ្ទាំងខាងក្រោយខ្នង ដាក់ថា ពិធីបុណ្យចាត់តាំងកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយនិយាយមួយបែបឈ្មោះ សាមគ្គីសង្គ្រោះជាតិកម្ពុជានេះ គឺជារបស់សម្ដេចតែម្ដង ។ អ្វីដែលសម្ដេចសប្បាយចិត្ត គឺភាគីដទៃទៀតដែលចូលរួមបង្កើត រណសិរ្ស ទទួលយកនូវឈ្មោះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ៕

To Top
×