ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រញាប់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ អោយបានរួសរាន់

កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមប្រញាប់ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ឱ្យបានរួសរាន់ ដើម្បីការពារសុខភាព កុំឱ្យឆ្លងជំងឺកូវីដ១៩ ជាពិសេសវីរ៉ុសបំលែងថ្មីប្រភេទ អូមីក្រុង ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាម មានក្តីបារម្ភដោយសារប្រជាពលរដ្ឋ មួយចំនួនធំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ ដែលជាដូសជំរុញនៅឡើយ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចាប់ពីអាយុ ៥ ឆ្នាំឡើងមានចំនួន៩៣ម៉ឺននាក់ ក្នុងនោះបើគិតពីអាយុ ១៨ឆ្នាំឡើង មានចំនួនជាង ៧១ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំង ដូសរួចមកហើយ ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងដូសទី៣ គិតមកដល់ពេលនេះ ទើបតែបានចំនួនជាង ២០ម៉ឺន នាក់ប៉ុណ្ណោះ គឺស្មើនឹង ៣០% ដែលការយឺតយ៉ាវនេះ ធ្វើឲ្យរដ្ឋបាលខេត្ត មានការព្រួយបារម្ភ ខ្លាចផ្ទុះ ឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីកើតឡើងនៅក្នុងសហគមន៍ ៕

To Top