ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តតម្កល់ទោស បុរសជនជាតិវៀតណាម ម្នាក់ដាក់គុក អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការចាក់សម្លាប់នារីខ្មែរម្នាក់ ដែលត្រូវជាស្រីកំណាន់ ដោយរោគប្រច័ណ្ឌ ហួសហេតុ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានប្រកាស សាលដីកា តម្កល់ទោស បុរស ជនជាប់ចោទវៀតណាម ម្នាក់ ដាក់គុក កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការចាក់សម្លាប់ស្ត្រីខ្មែរ ម្នាក់ ដែលត្រូវជាគូស្នេហា ដោយយកកាំបិតចុងស្រួច ចាក់សម្លាប់នាង បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ នៅក្នុងបន្ទប់ផ្ទះសំណាក់ ដែលមានទីតាំង ស្ថិត នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ខែ កក្កដា ឆ្នាំ ២០១៩។

លោកជំទាវ ចាន់ ម៉ារីណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សាន់ ទង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ អ្នកនេសាទ ជាជនជាតិវៀតណាម។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ កែវ ស្រីមុំ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ កម្មកការិនី។

ជនជាប់ចោទ ឈ្មោះ សាន់ ទង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាកគុក កំណត់ អស់មួយជីវិត និង បង្គាប់អោយសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ ចំនួន ៤,០០០ ដុល្លារអាមេរិក ។ តែជនជាប់ចោទ បានប្តឹងឧទ្ទរណ៍ ។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកមុន » តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណា ចក្រកម្ពុជា។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌ ស្ទឹងមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីគាត់បានចាក់សម្លាប់ ជនរងគ្រោះ៕

ដោយ: រស្មី អាកាស

To Top