ព័ត៌មានជាតិ

កម្ពុជា មានបំណង បញ្ចប់ដំណើរការ នៃការទទួលយក ប្រទេសទីម័រ ចូលជាសមាជិកគ្រួសារ អាស៊ាន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា មានបំណងបញ្ចប់ដំណើរការ នៃការទទួលយក ប្រទេសទីម័រឡេស្តេ ចូលជាសមាជិកគ្រួសារ អាស៊ាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ព័ត៌មាន ពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី៣០ ធ្នូ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ធ្នូ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញធ្វើជាអធិបតី ក្នុងកម្មវិធីផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅទីស្តីការក្រសួង ដោយមានការចូលរួម ពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ ក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន និងលោកបណ្ឌិត ឌី ខាំបូលី តំណាងរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បង្ហាញពីការខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ ប្រទេសប្រកបដោយស្មារតីរឹងមាំ «ទាំងអស់រួមគ្នា» ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការ ស្ថាបនាបន្ថែមទៀតដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងតំបន់ និងសកលលោក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី ចង្កោមចំនួនបួន នៃបញ្ហាប្រឈម ដែលមានផលប៉ះពាល់ជាយុទ្ធសាស្ត្រ មិនត្រឹមតែនៅក្នុងអាស៊ាន រួមមាន តម្រូវការចាំបាច់បន្ទាន់ ដើម្បីសម្រេចបាន នូវការស្តារសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័ស ពីផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរ ដែលកើតចេញពី ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណី ដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ដើម្បី ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ លោកបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍ សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែក តំបន់ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូ ជាមួយដៃគូខាងក្រៅ។

ប្រមុខការទូតកម្ពុជា លើកឡើងថា «ការយកចិត្តទុកដាក់ជាបន្ទាន់នេះ គឺដើម្បីបន្ធូរបន្ថយស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកលើការព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដែលត្រូវបានឯកភាពនៅក្នុង កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ក្នុងខែមេសា ឆ្នាំ២០២១ និងគោលការណ៍តម្រង់ទិស នៃធម្មនុញ្ញអាស៊ាន។ កម្ពុជា ក៏មានបំណងបញ្ចប់ដំណើរការ នៃការទទួលយក ប្រទេសទីម័រឡេស្តេ ចូលជាសមាជិកគ្រួសារ អាស៊ានផងដែរ» ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រកាសអំពី ផែនការរៀបចំ ព្រឹត្តិការណ៍អមធំៗចំនួនពីរ រួមមាន កិច្ចសន្ទនាជាសកលរបស់អាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ ជ្រុងជ្រោយក្រោយវិបត្តិ ជំងឺកូវីដ-១៩ និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ស្រ្ដីអាស៊ានលើកទី២ ស្តីពីសហគ្រិនភាព។

អាទិភាពសំខាន់ៗមួយចំនួន ក្រោមសរសរស្តម្ភសេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលត្រូវបានគូសបញ្ជាក់ នៅក្នុងកម្មវិធីការផ្តល់ព័ត៌មាន មានដូចជា ការធានាបាននូវការអនុវត្ត ប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើមនានាសម្រាប់ ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការដាក់ឱ្យអនុវត្តភាព ជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ និងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលមានស្រាប់ លើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការពង្រឹងសមត្ថភាព សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម និងការលើកកម្ពស់ សហគ្រិនភាព ក្នុងចំណោមស្ត្រី ជំរុញការតភ្ជាប់ឌីជីថល និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពង្រឹងការការពារសុខភាព សុខុមាលភាព និងសង្គមរបស់ប្រជាជនអាស៊ាន ៕

To Top