ព័ត៌មានជាតិ

គម្រោងដំណើរទស្សនកិច្ច សម្ដេចតេជោទៅមីយ៉ាន់ម៉ា ពុំប្រែប្រួលឡើយ ទោះមានករណីផ្ទុះគ្រាប់បែកក្បែរ ស្ថានទូតខ្មែរនៅទីនោះ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា មកដល់ពេលនេះមិនទាន់ មានអ្វីប្រែប្រួលនោះទេ ចំពោះគម្រោងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។

ការបញ្ជាក់របស់ អ្នកក្រសួងការបរទេសបែបនេះ ធ្វើឡើងបន្ទាប់ពី កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅក្បែរស្ថានទូតខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមានគ្រោះថ្នាក់ និងប៉ះពាល់ដល់មន្ត្រីស្ថានទូត ដែលកំពុងបំពេញការងារ ក្នុងស្ថានទូតនោះទេ ។

ទាក់ទិនទៅនឹងគម្រោង ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ា លោក កុយ គួង បានថ្លែងបញ្ជាក់ខ្លីថា «មកដល់ពេលនេះ មិនមានអ្វីប្រែប្រួលទេ» ។

ដោយឡែកពាក់ព័ន្ធនឹងការការពារសុវត្តិភាពមន្ត្រីទូត ក៏ជាក្នុងពេលសម្ដេចអញ្ជើញ ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា អ្នកនាំពាក្យបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ជាភារកិច្ច និងការទទួលខុស ត្រូវរបស់ប្រទេសម្ចាស់ផ្ទះ។ នាពេលនេះ ទាំងស្ថានទូត និងមន្ត្រីទូត ទទួលបាននូវការយកចិត្តទុកដាក់ ការពារសុវត្ថិភាពខ្ពស់ ពីប្រទេសម្ចាស់ផ្ទះ» ។

សូមរំលឹកថា បើតាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ៕

To Top