នយោបាយ

សម្តេចតេជោ ៖ ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា មិនអាចសំឡុត និងគំរាមបានទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ទៅក្រុមអ្នកវិភាគ ក៏ដូចអ្នកប្រឆាំង ទាំងក្នុងនិងក្រៅប្រទេស ដែលរង់ចាំតែវិភាគពីសម្តេច និងគណបក្សប្រជាជនកម្ពុជាថា ផ្ទៃក្នុងគណបក្សប្រជាជន គឺសម្តេចមិនអាចគំរាម និងសំឡុតបានទេ ដោយសារសុទ្ធតែមេគុណ ព្រះអនុគុណ និងព្រះចៅអធិការវត្ត។

ការថ្លែងតបរបស់សម្តេចតេជោ ទៅបែបនេះ ក្រោយក្រុមអ្នកវិភាគ និងក្រុមប្រឆាំង បានវិភាគពីបញ្ហាផ្ទៃគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ក្រោយគណៈកម្មាធិការកណ្តាលសម្រេចជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងសម្តេច ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីពេលអនាគត ។ ដោយពួកគេថា ការសម្រេចជ្រើសតាំងនេះ ដោយសារសម្តេចគំរាម និងសំឡុតទៅលើផ្ទៃក្នុងបក្ស។

សម្តេចតេជោបានថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋាន គម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅថ្ងៃ៣ មករាថា អ្នកវិភាគ និងក្រុមប្រឆាំង ចាំតែវិភាគទេ ។ ករណីសម្តេចលើកពីបញ្ហា គ្រប់គ្រងបំណុលសាធារណៈ គឺពួកគេអាចយកទៅវិភាគថា សម្តេចតឹងសរសរសៃក រឿងនេះទៀតហើយ។ ពួកគេនេះ ពូកែណាស់រឿងខាងវិភាគ ជាពិសេសបាននាំគ្នាវិភាគថា គណបក្សប្រជាជនកម្ពុជា ជួបបញ្ហាផ្ទៃក្នុងបក្សប្រជាជនកម្ពុជា។

សម្តេចតេជោគូសបញ្ជាក់ថា “កន្លងមកថា ទៅគំរាមផ្ទៃក្នុង សំឡុតផ្ទៃក្នុងផង។ ត្រូវមើលគណបក្សប្រជាជនឲ្យច្បាស់ណា… ផ្ទៃក្នុង លេងសុទ្ធតែ…មេគុណ ព្រះអនុគុណ និងព្រះចៅអធិការ និយាយមួយបែប ហើយទៅសំឡុតម៉េច? ។ ផ្ទៃក្នុងគេ គេឯកភាព ។ ប៉ុន្តែល្អណាស់ៗ ល្អត្រង់អ្នកឯង វាយតម្លៃខ្ញុំមិនដែលត្រូវ ។ ដូច្នេះអ្នកឯងមិនអាចយកឈ្នះខ្ញុំបានទេ។ បើវាភ្លើណាស់ ទុកឲ្យវាភ្លើទៀតទៅ កុំបង្រៀនវាឲ្យចេះ” ៕

To Top