នយោបាយ

នាយករដ្ឋមន្រ្តី ព្រមានដកតំណែង អភិបាលរាជធានី-ខេត្ត និងដាក់ក្រុមហ៊ុន លីឈួង ក្នុងបញ្ជីខ្មៅ ក្នុងករណីឃុបឃិត ប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ៖ ក្នុងសារ ដើមឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដកតំណែង អភិបាលរាជធានី-ខេត្ត និងដាក់ក្រុមហ៊ុន លីឈួង ចូលក្នុងបញ្ជីខ្មៅ ប្រសិនបើរកឃើញថា បានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ តាមរយៈការ ធ្វើមុនទូទាត់ក្រោយ។

ក្នុងវេទកាលើកដំបូង ក្នុងឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីបំណុលដែលបណ្ដាខេត្ត ជំពាក់ក្រុមហ៊ុន លីឈួង ។ ក្រុមហ៊ុននេះ ខាងទទួលការសាងសងផ្លូវនៅតាមបណ្តាខេត្តមួយចំនួន ។ ភាគច្រើនក្រុមហ៊ុនបានទទួលម៉ៅការសាងសង់មុន។

ថ្លែងក្នុងឱកាសអញ្ជើញ បើកការដ្ឋាន គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានមានប្រសាសន៍ថា «ខ្ញុំយកដើមឆ្នាំ២០២២នេះ ជំរុញកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងអនុវត្តន៍ដោយម៉ឺងម៉ាត់ នូវច្បាប់និងបទបញ្ជា ស្ដីពីការប្រើប្រាស់ថវិកា។ នោះស្ថិតនៅត្រង់ថា គ្រប់ស្ថានប័នថ្នាក់ជាតិ ជាពិសេសថ្នាក់ក្រោមជាតិ អនុវត្តន៍ឲ្យបានម៉ឹងម៉ាត់ នូវបទដ្ឋានទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ»។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំហួសចិត្តដែរ! តាមរបៀបអនុវត្តន៍ ការធ្វើមុនទូទាត់តាមក្រោយ។ឥឡូវខ្ញុំសូមជម្រាប ចៅហ្វាយខេត្តណា ហ៊ានធ្វើរបៀបនេះទៀត ចៅហ្វាយខេត្តនោះ ត្រូវទទួលចំពោះមុខរាជរដ្ឋាភិបាល»។

សម្ដេចថា “បើមិនដូច្នេះទេ ក្រុមហ៊ុន លីឈួង ដូចក្រុម ហ៊ុនអន្ទង់ចឹង ដើរធ្វើគ្រប់ទីកន្លែង លើកសំណើរមកខ្ញុំតែខ្ញុំមិនព្រម ដល់មិនព្រមគាត់ទៅលេងជាមួយខេត្ត ឥឡូវខេត្តជំពាក់លុយក្រុមហ៊ុន យ៉ាងធំ”។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទ បញ្ជា ឲ្យដកគម្រោងទាំងអស់ណាដែលមិនទាន់បាន អនុវត្តន៍ ទោះបីបានចុះហត្ថលេខាជាមួយក្រុមហ៊ុន លីឈួង ឬក្រុមហ៊ុនដទៃទៀត រួចហើយក៏ដោយ ដកចេញឲ្យអស់ ដើម្បីសំអាតបញ្ជី។ ដោយឡែក ប្រាក់ដែលជំពាក់ក្រុមហ៊ុន លីឈួង ត្រូវទូទាត់ក្នុងរយៈពេល២០ឆ្នាំ តាមរយៈលុយផ្ទាល់ របស់រដ្ឋបាលខេត្តនោះ។

សម្ដេចតេជោ បញ្ជាក់ថា «អ្នកឯងត្រូវយល់ឲ្យច្បាស់ នេះជាបំណុលសាធារណៈដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបាននោះទេ ។មិនត្រឹមតែមិនអាចទទួលយកបានអភិបាលខេត្តណាធ្វើរបៀបនេះ សងលុយខ្លួនឯងទៅ បើមិនដូច្នេះទេអាចនឹងបាត់បង់តំណែង»

ដោយឡែកចំពោះក្រុមហ៊ុន លីឈួង សម្ដេចតេជោ សង្កត់ធ្ងន់ថា «ខ្ញុំសូមផ្ដាំទៅក្រុមហ៊ុន លីឈួងឲ្យបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះខ្ញុំនឹងដាក់ក្រុមហ៊ុននេះ ទៅក្នុងបញ្ជីខ្លៅ។ ខ្ញុំដឹងថាក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ (វិមានសន្តិភាព វិមានសភា) ក៏ប៉ុន្តែអ្នកឯងមិនអាចធ្វើរបៀបនេះបន្តទៀតបាននោះទេ»។

ក្នុងន័យនេះ សម្ដេចតេជៅ បានផ្ដាំទៅក្រុមហ៊ុនទាំងអស់ កុំឲ្យយកតម្រាប់ តាមក្រុមហ៊ុន លីឈួង ។

និយាយក្នុងភាពម៉ឹងម៉ាត់ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ដាច់ណាត់ ថា គម្រោងទាំងឡាយដែលមិនទាន់បានអនុវត្តន៍ គឺដកចេញភ្លាម លុបកុងត្រាភ្លាម! ព្រោះកុងត្រានឹង អត់មានបានអ្នកណាទទួលស្គាល់ ។ អភិបាលខេត្ត ឬអ្នកណាត្រូវលុបចោល។

សម្ដេចបន្តថា ប្រសិនបើជាសម្ដេចរកឃើញ នឹងមានរឿងបន្តទៀត។ ឯចំពោះគម្រោងដែលបានអនុវត្តន៍ រួចហើយ សុំទូទាត់រយៈពេល២០ឆ្នាំ ហើយយកលុយរដ្ឋបាលខេត្តនឹងទូទាត់ទៅ រាជរដ្ឋាភិបាលគ្មានចេញមួយសេនទេ ព្រោះធ្វើអីអត់ឲ្យរាជរដ្ឋាភិបាលដឹង ចឹងវាក្លាយជាបន្ទុកបំណុលរបស់រដ្ឋ។

ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន ថាធ្លាប់ឆ្លងកាត់ហើយទំរាំសងគេរួច ពិបាកណាស់ ហើយខេត្តណាដែលចុះហត្ថលេខា ដោយអតីតអភិបាល គឺត្រូវហៅអតីតអភិបាលខេត្ត នោះមកទូទាត់ទៅ រាជរដ្ឋាភិបាល អត់មានឲ្យលុយទេ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា «បើបណ្ដោយរឿងនេះមិនទប់ស្កាត់! រឿងនេះនឹងក្លាយជាជំងឺមហារីក ដោយខាងក្រោមជំពាក់លុយគេ តែឱ្យខាងលើជាអ្នកសង អ្នកឯងទៅឃុបឃិតគ្នា អត់ទាំងដាក់ដេញថ្លៃផង ស៊ីសសុះគ្នា នេះជាអំពើពុករលួយ ដែលខ្ញុំនិយាយដោយត្រង់! បើមិនសំអាតអារឿងនឹង គឺមិនបាន ចឹងផ្ដាំទៅគ្រប់អភិបាលខេត្ត-រាជធានី ទាំងអស់កុំឱ្យធ្វើរបៀបនឹងតទៅទៀតទេ»។

សម្ដេចថា នេះជាបញ្ជារបស់នាយករដ្ឋមន្រ្តី ឲ្យបញ្ឈប់ជាបន្ទាន់ នូវការឲ្យក្រុមហ៊ុនឯកជន ធ្វើមុននិងទូទាត់តាមក្រោយ ព្រោះរឿងនេះ ជារឿងអំពើពុករលួយមួយ ដែលមិនអាចទទួលយកបាននោះទេ ហើយនឹងបង្កើតបន្ទុក បំណល់សាធារណៈមួយ ដោយសារថ្នាក់ក្រោមជាតិធ្វើរបៀបនេះ។

សម្ដេចតេជោបន្ថែមថា រាជរដ្ឋាភិបាលប្រឹងអនុវត្តន៍ នូវគម្រោងទាំងឡាយ តាមច្បាប់ប្រចាំឆ្នាំ ត្រូវចាយប៉ុន្មាន ត្រូវចាយទៅលើអី ផ្នែកណាប៉ុន្មាន អីប៉ុន្មាន ត្រូវចាយអានឹង ប៉ុន្តែបែរជាថ្នាក់ក្រោមជាតិធ្វើរបៀបនេះ ។

សម្ដេចគួសបញ្ជាក់ថា «នេះខ្ញុំមិនទាន់ឲ្យធ្វើ អូឌីត ផង! បើសិនជាមានការចាំបាច់ខ្ញុំ នឹងឲ្យធ្វើអូឌីត ចៅហ្វាយខេត្តនោះនឹងអាចធ្លាក់ពីតំណែង ប៉ុន្តែខ្ញុំមិនទាន់ធ្វើកម្រិតតឹងនោះទេ ព្រោះខ្ញុំបានដាក់ ឱ្យដកចេញ និងទូទាត់២០ឆ្នាំ ! ទូទាត់២០ឆ្នាំជួនកាលអភិបាលខេត្តស្លាប់បាត់ ហើយទៅទាពីណាក៏ទាទៅ យើងអត់ទទួលដឹងនោះទេ»

សម្ដេចតេជោប្ដេជ្ញាថា មិនឲ្យបង្កើតរដ្ឋក្នុងរដ្ឋជាដាច់ខាត ជាពិសេសលើការគ្រប់គ្រង ហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យខ្ចីអ្នកនេះទៅខ្ចីអ្នកនោះ ។អ្នកដែលមានសមត្ថកិច្ចខ្ចី គឺមានតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែមួយគត់ ដែលធ្វើជាតំណាងរាជរដ្ឋាភិបាលក្នុងការខ្ចីបុល មិនថាខ្ចីបុលពីក្រៅបរទេស ឬក្នុងប្រទេស។

សម្ដេចបន្ថែមថា «ចឹងអស់លោក អនុញ្ញាត ឲ្យធ្វើមុន ទូទាត់តាមក្រោយ គឺជាប្រភេទខ្ចីបុល ដោយគ្មានច្បាប់អនុញ្ញាត»៕

To Top