ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋ មកចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ បំប្លែងថ្មីអូមីក្រុង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្របខ័ណ្ឌទូទាំង ប្រទេសកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមកទទួលយកការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងប្រព័ន្ធការពារ។

ការអំពាវនាវរបស់ លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង សុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពិនិត្យឡើងវិញ ចំពោះប្រជាពលរដ្ឋ ជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព ធ្វើយ៉ាងណាឱ្យពួកគាត់ បានមកទទួលវ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

តាមរយៈវិដេអូ ជិត២នាទី បង្ហោះលើគេហទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ខ្ញុំ សូមធ្វើការប្រកាស ក៏ដូចជា អំពាវនាវ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងនាម គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមបងប្អូនប្រជាពលរដ្ឋ ពូ អ៊ុ មិញ ទាំងអស់អញ្ជើញមកចាក់ វ៉ាក់សាំងកូវីដ-១៩ អ្នកមិនទាន់ចាក់ដូសទីមួយ សូមអញ្ជើញមកចាក់ អ្នកមិនទាន់ចាក់ដូសទីពីរ សូមអញ្ជើញមកចាក់ ជាពិសេសអ្នកដល់វេន ត្រូវចាក់ទីបី ឬដូសជំរុញ សូមបងប្អូនទាំងអស់អញ្ជើញចាក់ចាប់ពេលនេះតទៅ»។

លោកស្រី បន្ដថា មន្ទីរសុខាភិបាល និងអាជ្ញាធររាជធានី-ខេត្ត បានរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូច្នេះ ប្រជាពលរដ្ឋអញ្ជើញ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រមទាំង ពង្រឹងកងការពារនៅក្នុងខ្លួនមនុស្ស ជាពិសេស ក្នុងបរិបទការ ប្រយុទ្ធប្រឆាំងជាមួយពពួក អូមីក្រុង។

លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវ បន្ថែមដល់ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ ឬស្ដ្រីមានផ្ទៃពោះ ស្ដ្រីបំបៅកូនដោយទឹកដោះ អញ្ជើញមកទទួលការ ចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ពីព្រោះក្រុមនេះ រឹតតែមានតម្រូវការខ្ពស់ ក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩ ជាពិសេស ក្នុងការចាក់ដូសទី៣ ឬដូសជំរុញ ។ លោកស្រី បង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនៅតាមទីតាំងរៀបចំដោយ ក្រុមគ្រូពេទ្យ និងអាជ្ញាធរ នៅទូទាំងប្រទេស ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤.២៦២.៩៥៩នាក់៕

To Top