ព័ត៌មានជាតិ

អ្នកបើកយានយន្ដ ដឹកកម្មករ និងកម្មករ និយោជិត ប្រមាណជិត ២០០នាក់ ចូលរួមឈ្វេងយល់ ច្បាប់ ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ស្របពេលដែលស្ថានភាពកូវីដ-១៩ នៅកម្ពុជា មានការថមថយ និងបានបើកដំណើរការឡើងវិញ គ្រប់វិស័យ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានចុះប្រជុំផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកដំបូងរបស់ខ្លួន ជូនដល់អ្នកបើកបរ រថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជិត ២០០នាក់ នៅរោងចក្រ CAMBO UNISOLL CO.,LTD ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ក្នុងន័យបញ្ជ្រាបការយល់ដឹងបន្ថែម អំពីច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលធ្វើដំណើរលើដងផ្លូវ។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស.  ក្នុងឱកាសអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខាងលើ បានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើង លើបងប្អូនកម្មករនិយោជិត នៅពេលធ្វើដំណើរ ឬដោយមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពី រថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យមិនស្រប ទៅតាមលក្ខណៈបច្ចេកទេសយានយន្ត។

លោកអគ្គនាយករង បានធ្វើការសំណូមពរដល់ បងប្អូនកម្មករនិយោជិតទាំងអស់ ជាពិសេសអ្នកបើកបរ រថយន្តដឹកកម្មករ ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់ៗ និងចេះយោគយល់អធ្យាស្រ័យ នៅពេលធ្វើដំណើរ នៅតាមដងផ្លូវ ពិសេសត្រូវប្រកាន់ខ្ជាប់នូវសីលលធម៌ ១០ចំណុចដូចខាងក្រោម៖

១. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត

២. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត

៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត

៤. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាព ងងុយដេកដាច់ខាត

៥. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច

៦. ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច

៧. ត្រូវប្រកាន់ស្តាំជានិច្ច

៨. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តជានិច្ច

ផ្ទាំងពាណិជ្ជកម្ម

៩. ត្រូវចេះបើកបរ ឲ្យបានត្រឹមត្រូវជាដាច់ខាត

១០. ត្រូវប្រុងប្រយ័ត្នជានិច្ច ។

លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស. ក្នុងឱកាសជាមួយគ្នានោះផងដែរ លោកក៏បានអំពាវនាវ ដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ធ្វើយ៉ាងណាត្រូវ៖

– ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន

– សម្រាប់ឡានដឹកកម្មករ មិនត្រូវផ្ទុកកម្មករ លើសចំណុះដាច់ខាត

– ត្រួតពិនិត្យយានយន្តមុនពេល ចេញទៅដឹកបងប្អូនកម្មករ – កម្មការិនី

– ត្រូវទៅឆៀករថយន្តជាប្រចាំ

– អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវទៅប្រឡងយកបណ្ណ័បើកបរឱ្យស្របតាមប្រភេទយាន។

គួរបញ្ជាក់ឲ្យដឹងថា៖ នៅក្នុងឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង លើបងប្អូនកម្មករនិយោជិតសរុបចំនួន ៣២៦៨ករណី ដែលមានជនរងគ្រោះ សរុបចំនួន ៣៨៧៥នាក់ (ស្លាប់ ១០៩នាក់ របួសធ្ងន់ ៩០៥នាក់ និងរបួសស្រាល ២៨៦១នាក់) ក្នុងនោះគ្រោះថ្នាក់លើ រថយន្តដឹកកម្មករនិយោជិត មានចំនួន ១១លើក និងមានជនរងគ្រោះសរុបចំនួន ៣៤៩នាក់ (ស្លាប់ ៣នាក់ របួសធ្ងន់ ៥០នាក់ និង របួសស្រាល ២៩៦នាក់) នេះបើយោងតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។

សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅនៅរោងចក្រ CAMBO UNISOLL CO.,LTD មានទីតាំងស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានវត្តមានចូលរួម ពីតំណាងមន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតសរុបប្រមាណជិត ២០០នាក់ ៕

To Top
×