ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីស៊ូដង់ លាឈប់ពីតំណែង ស្របពេលមានការតវ៉ាប្រឆំាងរដ្ឋប្រហារ

បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Abdalla Hamdok តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានលាឈប់ពីតំណែង ស្របពេលមានការតវ៉ាកំពុងតែប្រព្រឹត្តទៅ ក្រោយរយៈពេល២ខែបន្ទាប់ពីលោកត្រូវបានលើកឲ្យកាន់តំណែងវិញ បន្ទាប់ពីមានរដ្ឋប្រហារមួយ ធ្វើឲ្យលោកចុះចេញពីតំណែង។


លោក Abdalla Hamdok បានប្រកាសការលាឈប់ពីតំណែងរបស់លោក នៅក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃអាទិត្យ ដោយនិយាយថា ការប៉ុនប៉ងព្យាយាមធ្វើការសម្របសម្រួលម្តងហើយម្តងទៀត ក្រោយលោកកាន់តំណែងជាថ្មីនោះ បានបរាជ័យ និងថា ប្រទេសត្រូវតែដើរទៅមុខជាមួយកិច្ចពិភាក្សាថ្មីមួយ ដើម្បីដល់ផ្លូវឆ្ពោះទៅរកប្រទេសស៊ីវិលកាន់លទ្ធិប្រជាធិបតេយ្យ។


លោកបានមានប្រសាសាន៍យ៉ាងដូច្នេះថា “ខ្ញុំព្យាយាមយ៉ាងខ្លាំងក្លាតាមដែលខ្ញុំអាចធ្វើបាន ដើម្បីធ្វើឲ្យប្រទេសយើងជៀសផុតពីការរអិលធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ប៉ុន្តែបើទោះជាខ្ញុំប្រឹងប្រែង ឲ្យសម្រេចបានការរួមមតិគ្នាដ៏គួឲ្យចង់បាននិងចាំបាច់ ដើម្បីផ្តល់សន្តិសុខ សន្តិភាព ភាពយុត្តិធម៌ និងបញ្ឈប់ការបង្ហូរឈាមគ្នាយ៉ាងណាក៏ដោយ ក៏រឿងនោះមិនអាចកើតឡើងបានដែរ”។


គួរបញ្ជាក់ថា គណៈកម្មការវេជ្ជបណ្ឌិលកណ្ដាលស៊ូដង់ បាននិយាយថា សេចក្តីប្រកាសនោះ គឺត្រូវបានធ្វើឡើង ក្រោយអ្នកតវ៉ា៣នាក់ត្រូវកងកម្លាំងសន្តិសុខស៊ូដង់សម្លាប់ នៅក្នុងអំឡុងពេលតវ៉ានៅជិតរដ្ឋធានី កាលពីថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ប៉ាង កុង

To Top