ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី គាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ឆ្នាំ២០២២ (Video)

ភ្នំពេញ ៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាស គាំទ្រប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យទទួលបាននូវភាពជោគជ័យ ក្នុងការដឹកនាំអាស៊ាន ឆ្នាំ២០២២នេះ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ លោក Joko Widodo បានអបអរសាទរ និងគាំទ្រចំពោះ សម្តេចតេជោ ដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។

លោក បញ្ជាក់ថា «គាំទ្រ សម្ដេចតេជោ ធ្វើយ៉ាងណាឱ្យ សម្ដេចតេជោ ទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាន នៅឆ្នាំ២០២២នេះ»។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះលោកប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបកាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូនេស៊ី ក្នុងការផ្ដួចផ្ដើមគំនិតជាច្រើន ក្នុងការកសាងសហគមន៍អាស៊ានដែលថ្មីៗនេះ ដូចជា ៖

ទី១-ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ាន ដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន។

ទី២-ការរៀបចំច្រកធ្វើដំណើរក្នុងតំបន់អាស៊ានឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ-១៩ រាតត្បាត៕

To Top