ព័ត៌មានជាតិ

សម្ដេចតេជោ ៖ អាមេរិក-អង់គ្លេស តើហ៊ានចេញមុខ បកស្រាយរឿងសញ្ញាបត្រ ហ៊ុន ម៉ាណែតទេ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅតំណាងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា តើហ៊ានចេញមុខបកស្រាយ និងការពារសញ្ញាបត្រជាន់ខ្ពស់របស់ លោក ហ៊ុន ម៉ាណែតដែរឬទេ ? លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាជាន់ខ្ពស់បណ្ឌិតផ្នែកខាងយោធា-នយោបាយ និងសេដ្ឋកិច្ចមកពីសកលវិទ្យាល័យល្បីៗឈ្មោះ របស់មហាអំណាចទាំង២ ។

ការចោទសួរបែបនេះបន្ទាប់ពី លោក សម រង្ស៊ី អ្នកនយោបាយអតីតបក្សប្រឆាំងចាស់វស្សាបានធ្លាប់និយាយមើលងាយថា សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាប័ត្រកម្រិត២ ដែលផ្ដល់ឲ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា ។

ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តីបច្ចុប្បន្នផង និងជាឪពុកផងនោះ ក៏បានធ្វើការចោទសួរទៅភាគីអាមេរិក-អង់គ្លេស បែបនេះទៅ ។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ បានគូសបញ្ជាក់ថា តើអាមេរិកអាចបកស្រាយរឿងនេះបានទេ ជាពិសេសឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ។ តើអាមេរិក ការពារជនខិលខូច ឬការពារសាលា មិនមែនការពារ លោក ហ៊ុន ម៉ាណែត ឡើយ តែជាការពារស្ថាប័នអប់រំខ្លួនទៅវិញទេ ។ តើមានសញ្ញាបត្របរិញ្ញាជាន់ខ្ពស់ ជាប្រភេទកិត្តិយសឬអត់? ។ បន្ទាប់មកទៀត អង់គ្លេស តើមានសញ្ញាបត្របណ្ឌិតប្រភេទ២ ឬកិត្តិយសទេ? ។

សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «មានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការពារស្ថាប័នអប់រំរបស់ខ្លួន គឺមានតែចេញមកបញ្ជាក់តែប៉ុណ្ណឹង ហើយបើធ្វើចឹងវៃខាងនយោបាយ ចំពោះអ្នកដែលបាននិយាយ អាហ្នឹងក៏ទុកចឹងទៅ ។ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬការពារមនុស្សខិលខូច យើងក៏សម្គាល់មើលអាហ្នឹងដែរ»។

សម្រាប់សញ្ញាបត្ររបស់កូនមេដឹកនាំបក្សនយោបាយនានាវិញ សម្ដេចតេជោថា គឺសម្ដេចមិនដែលនិយាយ ឬមើលងាយទេ មានតែកោតសរសើរព្រោះពួកគេរៀនពូកែ ប៉ុន្តែផ្ទុះទៅវិញមានតែគេមើលងាយ និងចំអកឲ្យកូនសម្ដេចវិញ ។

ងាកទៅតំណែងជានាយករដ្ឋមន្រ្តីនាពេលអនាគត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារថ្មីថា នាពេលនេះ សម្តេចជានាយករដ្ឋមន្រ្តី បន្ទាប់មកនឹងក្លាយទៅជាឱពុកនាយករដ្ឋមន្រ្តី ហើយ២០ឆ្នាំក្រោយ នឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តី និង៤០ឆ្នាំក្រោយទៀតនឹងក្លាយទៅជាជីតាទួតនាយករដ្ឋមន្រ្តី ។

សម្ដេចតេជោបន្ថែមថា កម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យត្រូវឆ្លងកាត់ការបោះឆ្នោត។ ការថ្លែងរបស់សម្ដេចនេះ ដោយសារ លោកសម រង្ស៊ី ប្រកាសវាយត្រកូល ហ៊ុន ។ ជាការឆ្លើយតបទើបសម្ដេច ប្រកាសឌឺដងថា សម្ដេចនឹងក្លាយជាតាទួតនាយករដ្ឋមន្ដ្រី ។ សម្តេចបន្តថា ទាំងនេះហៅថា «យុទ្ធសាស្ដ្រ រុញទូកបណ្ដាយទឹក» ។

សម្ដេចតេជោគូសបញ្ជាក់ថែមទៀតថា «ពេលនេះ ខ្ញុំធ្វើនាយករដ្ឋមន្ដ្រី ថ្ងៃខាងមុខនឹងក្លាយជាឪ នាយករដ្ឋមន្ដ្រី ដល់បន្ទាប់ទៀត២០ឆ្នាំក្រោយខ្ញុំនឹងក្លាយជាជីតា នាយករដ្ឋមន្ដ្រី។ ខ្ញុំប្រកាសថែមទៀត៤០ឆ្នាំក្រោយ ក្លាយជាជីតាទួត នាយករដ្ឋមន្ដ្រី។ ម៉េចបានខ្ញុំនិយាយចឹង មូលហេតុអ្នកឯងវៃត្រកូល ហ៊ុន»។

នាឱកាសនោះ សម្តេចតេជោក៏បានលើកឡើងថា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ដែលជាមេក្លោងចោរប្លន់នោះក៏ធ្លាប់បបួលលោក ហ៊ុន ម៉ាណែត ប្រកួតគ្នា ប៉ុន្តែសម្តេចតបទៅវិញថា បើចង់ប្រកួតជាមួយកូនប្រុសច្បងរបស់សម្តេច គឺទាល់តែលោក វិល្លាម ទៅប្រឡងឆ័តយោងជាមុនសិន ព្រោះហ៊ុន ម៉ាណែត មានជំនាញខាងលោតឆ័ត្រយោង។

សម្ដេចតេជោ បានរំលឹកថា «និយាយអំពីវិល្លាមគ័ងដែលប្លន់គេថ្ងៃមុន គាត់បបួស ម៉ាណែត ប្រឡងគ្នា ហើយពេលគាត់ចូលមក ខ្ញុំបានសួរគាត់ថា ឯកឧត្តម ធ្លាប់បបួល ម៉ាណែតប្រឡងគ្នា ហើយខ្ញុំថា បើចង់ប្រឡងជាមួយ ម៉ាណែត ទាល់តែទៅប្រលងឆ័ត្រយោងសិន បើមិនមានលោតឆ័ត្រយោងទេ ប្រឡងអត់ឈ្នះ ហ៊ុន ម៉ាណែតទេ ។ ករណីពិសេសបណ្ឌិតម្នាក់នេះ គាត់រៀនទាំងផ្នែកយោធា ទាំងបណ្ឌិតសេដ្ឋកិច្ច ។ ម៉ាណែត គេនៅលោតបាន ហើយសាលា West Point ហ្នឹងភាគច្រើនគេលោត ផ្នែកកងទ័ពត្រូវចេះលោតឆ័ត្រ និងផ្នែកយោធា»៕

To Top