ព័ត៌មានជាតិ

ក្រសួងសាធារណការ ពិភាក្សាគម្រោងសាងសង់ ស្ពានព្រែកតាឡុង ឆ្លងកាត់ទន្លេបាសាក់

ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី៤ មករា បានដឹកនាំកិច្ចប្រជុំពិភាក្សា គម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីក្រុមការងារជំនាញ បច្ចេកទេស របស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) មន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ពិនិត្យលើរបាយការណ៍សិក្សាលទ្ធភាពរបស់ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) ដោយផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនលំហូរចរាចរណ៍បច្ចុប្បន្ន និងលំហូរចរាចរណ៍ ព្យាករណ៍ក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការ សាងសង់ផងដែរ។

នាឱកាសនោះ មន្រ្តី ជំនាញ ពាក់ព័ន្ធ បានសំណូមពរចំណុចមួយចំនួន ពាក់ព័ន្ធទៅនឹងការរក្សា ទុកឲ្យបានធំទូលាយ នូវចន្លោះ ទទឹងសសរស្ពាន រំលងផ្លូវជាតិ លេខ២ និងផ្លូវលេខ១១០ ការរក្សាទុកឲ្យបានគ្រប់គ្រាន់នូវកម្រិតលំហរ សម្រាប់នាវាចរណ៍ឆ្លងកាត់ពីក្រោមស្ពាន ការសិក្សាពាក់ព័ន្ធ ទាំងបច្ចេកទេស សេដ្ឋកិច្ច-បរិស្ថាន និងការស្នើសុំជ្រើសរើសស្ពានមានសោភ័ណភាព សម្រាប់ទីក្រុងភ្នំពេញ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លង កាត់ស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងភ្នំពេញ ប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទីក្រុងតាខ្មៅ ជាពិសេសធ្វើឲ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងតំបន់នៃរាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ៕

To Top