នយោបាយ

សម្តេចតេជោ ៖ ខ្ញុំទៅមីយ៉ាន់ម៉ា គ្មានគោលបំណង ទទួលផលប្រយោជន៍អ្វីទេ

ភ្នំពេញ ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ដើម្បីចូលរួមដោះស្រាយ បញ្ហានៅក្នុងប្រទេសនេះ ប៉ុន្តែសម្តេចបានបញ្ជាក់យ៉ាងច្បាស់ៗថា ការទៅនេះ គ្មានគោលបំណងទទួល ផលប្រយោជន៍អ្វីនោះទេ គឺធ្វើឡើងក្នុងនាម ជាប្រធានអាស៊ាននៅឆ្នាំ២០២២ ។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាស ពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ នាថ្ងៃ៥ មករា សម្តេចតេជោ មានប្រសាសន៍ថា ទៅមីយ៉ាន់ម៉ា មិនមានបំណងអ្វីនោះទេ គឺគ្រាន់តែចង់ដោះស្រាយ តាមគោលការណ៍ របស់អាស៊ានតែប៉ុណ្ណោះ ក្នុងនោះមានធម្មនុញ្ញាអាស៊ាន និងកុងសង់ស៊ីស៥ចំណុច ។

សម្តេចបញ្ជាក់ថា “ការទៅមីយ៉ាន់ម៉ា គ្មានគោលបំណង ទទួលផលប្រយោជន៍អ្វីនោះទេ ពីព្រោះថាប្រទេសកម្ពុជា តូចជាមីយ៉ាន់ម៉ា ហើយប្រជាជនក៏តិចដែរ ។ តែកម្ពុជាចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ ហើយចំណុចកុងសង់ស៊ីស គឺប្រកាសឲ្យអត់ធ្មត់ ឈប់ប្រើអំពើហិង្សា”

សម្តេចនាយករដ្ឋមន្រ្តីបន្តថា កម្ពុជាតូចជាងមីយ៉ាន់ម៉ា ដូច្នេះអ្វីដែលកម្ពុជាចង់បានគឺគ្រាន់តែមិនចង់ឃើញការប្រើហិង្សាសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ។ សម្តេចក៏បានដាក់សំណួរថា តើប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចង់ឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាម ស៊ីវិលឬយ៉ាងណា? ។

សម្តេចតេជោថា ហិង្សានៅមីយ៉ាន់ម៉ា មិនមែនកើតចេញពីរដ្ឋាភិបាលនោះទេ គឺកើតពីខាងអ្នកព្រៃ ដើរដាក់គ្រាប់បែក ដែលបានដាក់ នៅក្បែរស្ថានទូតកម្ពុជាទៀតផង កាលពីថ្ងៃ៣១ ធ្នូ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់អំពើហិង្សា។

សម្តេចថា បើចរចាមិនត្រូវតាមការកំណត់ របស់សម្តេចក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃ៧-៨ទេ គឺថែមថ្ងៃ៩ មករាទៀត ៕

To Top