ព័ត៌មានជាតិ

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា ផ្តល់បរិក្ខារលាងដៃដល់សាលារៀន នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ ៖ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានចុះ MOUជាមួយនឹងអង្គការភ្លែនអន្តរ ជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍនិងមនុស្សធម៌មួយ ចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអប់រំ យុវជននិងកីឡា ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវ ជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការវិនិយោគលើវិស័យអប់រំ ទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតរៀនតាមសាកលវិទ្យាល័យនៅកម្ពុជាព្រមទាំងការផ្តល់បរិក្ខារទឹកស្អាតនិងអនាម័យដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ។

លោកបានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អប្រសើរតាមរយៈការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានជាង៩០ភាគរយ ការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំរបស់ប្រជាជន ការគ្រប់គ្រងបានល្អអ្នកជំងឺប្រភេទថ្មីអូមីក្រុងនាំចូលពីបរទេស ដែលធ្វើឱ្យអត្រាឆ្លងថ្មីក្នុងសហគមន៍ធ្លាក់ចុះស្ទើរតែគ្មាន និងអនុញ្ញាតឱ្យបើកឡើងវិញនូវសេដ្ឋកិច្ចជាតិយ៉ាងពេញលេញចាប់ពីចុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននិងទៅអនាគត។

លោកបានបញ្ជាក់ថា ការអនុវត្តវិធានអនាម័យ ពិសេសការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ត្រូវតែអនុវត្តជាប់ជាប្រចាំទាំងនៅសាលារៀន និងនៅតាមសហគមន៍ ទើបអាចយកឈ្នះជំងឺកូវីដ-១៩បាន។


ស្ថិតនៅក្រោមយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប នឹងធ្វើការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាដើម្បីអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យចាប់ពីខែមីនាដល់ ខែ មេសា ឆ្នាំ២០២២។ មូលនិធិព្រីនស៍ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការទៅលើសកម្មភាពជាច្រើន ដែលនឹងជួយគាំទ្រទៅដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

ផ្ទាំងពាណិជ្ជកម្ម

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា៖ «មូលនិធិព្រីនស៍ ធ្លាប់បានធ្វើការសហការនៅថ្នាក់ជាតិ តាមរយៈការផ្តួចផ្តើមលើអាហារូបករណ៍ ចេនហ្ស៊ីហើយពេលនេះ ពួកយើងនឹងបន្តការសហការយ៉ាងសកម្មជាមួយនឹងថ្នាក់ខេត្តបន្ថែមទៀត។ ពួកយើងចង់ធានាឱ្យបាននូវការស្តារនូវសកម្មភាពនានារបស់ខេត្តព្រះសីហនុត្រលប់មកវិញ ហើយយើងក៏មានសេចក្តីរីករាយផងដែរដែលបានធ្វើការសហការជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា។ ពួកយើងក៏ត្រៀមនឹងធ្វើការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡានៅក្នុងឆ្នាំថ្មីនេះ ដើម្បីធានាថាកុមារកម្ពុជាអាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព។»


មូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជានឹងប្រារព្ធពិធីប្រគល់បរិក្ខារលាងដៃទាំងអស់ទៅដល់មន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា សាលាខេត្ត និងក្រុងព្រះសីហនុ នៅចន្លោះពីខែមីនាដល់ខែមេសា។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «កិច្ចសហការរវាងមូលនិធិព្រីនស៍និងអង្គការភ្លែនអន្តរជាតិកម្ពុជានឹងជួយធានាឱ្យបាននូវការត្រលប់ចូលរៀនវិញរបស់សិស្សានុសិស្ស ជាពិសេសកុមារីប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការផ្អាកមួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ការផ្តល់ជូននូវបរិក្ខារលាងសម្អាតដៃទាំងនេះ នឹងជួយការពារពួកគេពីជំងឺ កូវីដ-១៩ និងអាចឱ្យពួកគេបានទទួលការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនាពេលអនាគត»។


លោកបន្តថា៖ «ជំនួសមុខឱ្យសិស្សានុសិស្សនៅក្នុងសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ខ្ញុំសូមថ្លែងអំណរគុណ មូលនិធិព្រីនស៍ចំពោះគម្រោងការងារដំបូងដ៏គួរឱ្យរំភើបមួយនេះ៕

To Top