ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ចប់ការកែសម្រួល សេចក្តីព្រាងអនុក្រឹត្យ គ្រប់គ្រងលើការ ប្រើប្រាស់ដីចំណីផ្លូវ

ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ មករា នេះ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាក្រុមការងារ ជំនាញក្រសួង បញ្ចប់ការកែសម្រួល និងបំពេញបន្ថែមខ្លឹមសារ នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់ ។

ថ្លែងទៅកាន់ អង្គប្រជុំ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរ គុណ ដល់ក្រុមការងារជំនាញទាំងអស់ បានខិតខំប្រឹងប្រែង ប្រកបដោយការ យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការកែសម្រួល និងបំពេញបន្ថែមសេចក្តីព្រាង អនុក្រឹត្យនេះឲ្យមានខ្លឹមសារ គ្រប់ជ្រុងជ្រោយ រហូតសម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក ។ លោក៏បានណែនាំក្រុមការងាររៀបចំ និងពិនិត្យឲ្យបានសព្វគ្រប់ មុននឹងដាក់ឆ្លងយោបល់ កិច្ចប្រជុំអន្តរក្រសួង ។

ជាមួយគ្នានោះផងដែរ អង្គប្រជុំបានលើកយកមាត្រា នៅសល់ពីកិច្ចប្រជុំលើកមុន មកបន្តពិភាក្សា លម្អិត ជាពិសេសមាត្រា ដែលពាក់ព័ន្ធនឹងគោលការណ៍ នៃការកំណត់ដីចំណីផ្លូវថ្នល់ ការកំណត់ដីចំណី ផ្លូវថ្នល់ទៅតាមប្រភេទ មុខងារ និងចំណាត់ថ្នាក់នៃផ្លូវថ្នល់ដូចជា៖ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ វិធានការគ្រប់គ្រង និងនីតិវិធីលើការប្រើប្រាស់ដីចំណីផ្លូវថ្នល់ រួមទាំងបទប្បញ្ញត្តិ ។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញ ផ្លូវថ្នល់ដែលទើបបានបញ្ចប់ ការពិភាក្សានាពេលនេះ មានចំនួន ៤៦ មាត្រា និង ៨ជំពូក ត្រូវបានឆ្លងកាត់ ពិភាក្សាដេញដោលយ៉ាងផុលផុស ពីក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណាធានា នូវសុក្រឹត្យភាពខ្ពស់ ចៀសវាងការបកស្រាយខុស និងភាពស្រពេចស្រពិល នៅពេលដាក់ឲ្យអនុវត្ត ៕

To Top