ព័ត៌មានជាតិ

កិច្ចគាំពារសង្គម ផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (SPIN Project) ត្រូវបានបន្ដលើកយកមកពិភាក្សា

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ បច្ចេកទេស នៃគម្រោងSPIN តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា គម្រោង SPIN របស់អង្គការហ្រ្គេត (GRET) បានចូលរួមយ៉ាងសំខាន់ ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ដល់ ប.ស.ស. ដើម្បីសិក្សាសមិទ្ធិលទ្ធភាពលើការអនុវត្តកិច្ចគាំពារសង្គម ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ទៅលើប្រជាជនក្រុមគោលដៅ ដែលរួមមានអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះជាអាទិភាព  ដែលក្នុងនោះរួមមាន:​ កម្មវិធីតាមគេហទំព័រ (Web Application),  លទ្ធផលនៃការសិក្សា ទៅលើការវាយតម្លៃហិរញ្ញវត្ថុ (Financial Assessment), ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន ប.ស.ស. (NSSF Call Center Development), យុទ្ធសាស្រ្តនៃការផ្សព្វផ្សាយ (Communication Strategy) ។

លោកអគ្គនាយករង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យទៅលើការវាយតម្លៃហិរញ្ញវត្ថុ និងយុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយ របស់គម្រោងកិច្ចគាំពារសង្គម ផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នេះបានថ្លែងបន្ថែមថា៖ កន្លងមកគម្រោងកិច្ចគាំពារសង្គមស្តីពី “នវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ” (SPIN Project) បានលើកយកមកប្រជុំពិភាក្សា ជាច្រើនលើកមកហើយមានដូចជា៖ កម្មវិធីតាមគេហទំព័រ (Web Application) បាននឹងកំពុងធ្វើសមាហរណកម្មបញ្ចូលគ្នា រវាងកម្មវិធីថ្មី (MY NSSF) ចូលក្នុងប្រព័ន្ធ HSPIP របស់ ប.ស.ស. ដើម្បីធ្វើឲ្យមានការប្រសើឡើងមួយកម្រិតទៀត ក្នុងការចុះបញ្ជីជាសមាជិក ប.ស.ស. និងគម្រោងស្ដីពីការ អភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន ប.ស.ស. (NSSF Call Center Development) ដែលបានទទួលការបណ្ដុះបណ្ដាលរួចរាល់ និងត្រៀមបំពាក់ប្រព័ន្ធថ្មី ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈកិច្ចប្រជុំខាងលើនេះ លោកអគ្គនាយករង បានបញ្ជាក់ទៀតថា៖ ចំពោះយុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយ គឺបានសម្រេចយកយុទ្ធសាស្រ្ត នៃការផ្សព្វផ្សាយទៅលើផ្ទាំង ដែលមានចំណងជើងថា៖ “គម្រោងចុះបញ្ជិកាសាកល្បង សម្រាប់អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ នៅរាជធានីភ្នំពេញ”  ដោយមានការចុះជួបផ្ទាល់ជាមួយសមាជិកគោលដៅ និងការផ្សព្វផ្សាយតាមរយៈ ក្រុមហ៊ុនផ្ដល់សេវាដឹកអ្នកដំណើរផ្សេងៗ។ ចំណែក ការវាយតម្លៃហិរញ្ញវត្ថុ គឺដើម្បីសិក្សាលើការកំណត់អត្រាភាគទាន ជាក់លាក់ជូន ប.ស.ស. សម្រាប់គម្រោងសាកល្បង ដែលមានទិសដៅអនុវត្តចំពោះអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ តាមរបាយការណ៍សិក្សា ររបស់អ្នកជំនាញការ គឺមានលទ្ធផលល្អប្រសើរ និងមានបញ្ហាប្រឈមមួយចំនួន ដែលបញ្ហាប្រឈមទាំងនេះ ក្រុមការងារបច្ចេកទេសនៃ ប.ស.ស. របស់គម្រោង SPIN នឹងបន្តរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាបន្ថែមទៀតនាពេលខាងមុខ។ 

គួរឱ្យដឹងផងដែរថា៖ គម្រោង SPIN (SPIN Project) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមពី សមាគមកិច្ចគាំពារសុខភាពសង្គម (SHPA) និង អង្គការអន្តរជាតិខាងការងារ (ILO) រួមទាំងដៃគូអភិវឌ្ឍន៍នានា ដោយមានការឧបត្ថម្ភគាំទ្រដោយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិ Weave Our Future។ ការបង្កើតឱ្យមានគម្រោងនេះឡើង គឺដើម្បីរួមចំណែកក្នុងការពង្រីកវិសាលភាព នៃរបបថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រជាជននៅទីក្រុងដែលងាយរងគ្រោះរួមមាន៖ អ្នកបើកបរម៉ូតូរ៉ឺម៉ក និង អ្នកបម្រើក្នុងផ្ទះជាដើម ក្នុងរាជធានីភ្នំពេញ ហើយគម្រោងនេះនឹងត្រូវបញ្ចប់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខផងដែរ៕

To Top
×