ព័ត៌មានជាតិ

គ.ជ.ប អនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗនេះ ដែលភាគីពាក់ព័ន្ធ បានផ្ដល់ត្រឡប់មក គ.ជ.ប វិញ។

សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីដែលមានចំនួន ១៤ជំពូក និង ១៨៧ ប្រការ ព្រមទាំងមាន ៩ឧបសម្ព័ន្ធ ត្រូវបាន គ.ជ.ប បញ្ជូនទៅឱ្យភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត ដើម្បីសុំផ្ដល់យោបល់ រួមមាន ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ចំនួន៩ គណបក្សនយោបាយចំនួន ២៦សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២៨។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើអនុសាសន៍ របស់ភាគីពាក់ព័ន្ធដែលមាន គណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សហ៊្វុនស៊ិនប៉ិច អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ រួចមក គ.ជ.ប បានសម្រេចអនុម័តកែសម្រួល នូវចំណុចមួយចំនួន។ ចំណុចដែលមានការចាប់អារម្មណ៍ របស់ភាគីពាក់ព័ន្ធនោះ គឺការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)។ ទាក់ទងនឹងចំណុចនេះ គ.ជ.ប បានចេញសេចក្ដីបំភ្លឺរួចហើយ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

គ.ជ.ប បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតទាំងអស់ ដែលបានចូលរួមផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាឱ្យបទបញ្ជា និងនីតិវិធីនេះ អនុវត្តទៅបានរលូនល្អនៅក្នុងដំណើរការ នៃការបោះឆ្នោតនាពេលខាងមុខ ដើម្បីប្រព្រឹត្តទៅស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយ គ.ជ.ប នឹងប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការនូវបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ ៕

To Top