ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា វាយកូនគោល ដើម្បីអបអរសាទរ ខួប៤៣ឆ្នាំ នៃថ្ងៃរំដោះ ៧មករា

ភ្នំពេញ៖ ក្រោយបញ្ចប់ទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ វាយកូនគោល ដើម្បីអបអរសាទរ ខួប៤៣ឆ្នាំនៃថ្ងៃរំដោះ ៧មករា។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអគ្គនាយកដ្ឋាន គយនិងរដ្ឋាករថ្មី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសមិនរៀបចំ ទិវាជ័យជំនះ៧ មករា នោះទេ សម្រាប់ឆ្នាំ២០២២ ខណៈ ថ្ងៃទី៧និងទី៨ មករា សម្ដេចតេជោ អញ្ជើញទៅកាន់ប្រទេសភូមា។

ដោយឡែក ក្នុងពីធីប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាស ពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំនៅតែមិនទាន់ដាច់ចិត្តធ្វើកម្មពីធី ៧មករា ព្រោះធ្វើតូចពេកវាមិនសាកសម តែបើធ្វើធំពេកក្រែងវាមានបញ្ហា ចឹងទេបាន ថ្ងៃ៧មករា ខ្ញុំឆ្លៀតទៅ មីយ៉ាន់ម៉ា»។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «វាយកូនគោល ដើម្បីអបអរសាទរខួប៤៣ឆ្នាំនៃថ្ងៃរំដោះ ៧មករា និងបន្ទាប់ ពីការនឿយហត់ ប៉ុន្មានថ្ងៃកន្លងមក»៕

To Top