ព័ត៌មានជាតិ

ត្រឹមឆ្នាំ២០២១ ពលរដ្ឋទទួលបានទឹកស្អាត ប្រើប្រាស់ជាង ១លានគ្រួសារ

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាត ទូទាំងប្រទេស កើនឡើងគួរឲ្យកត់សម្គាល់ គិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារទទួលបានទឹកស្អាត ប្រើប្រាស់ជាង១.០៩១.៨៦៩គ្រួសារ កើនឡើង១១,៨% បើធៀបនឹងឆ្នាំ២០២០ ។

ក្នុងពិធីពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់ បច្ចេកវិទ្យាថ្មី UF-MEMBRANE នៅអង្គភាពរដ្ឋាករទឹក ខេត្តកំពត នាថ្ងៃទី៩ មករា លោក ចម ប្រសិទ្ធ បានឲ្យដឹងថា គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ថា ការពង្រីក វិសាលភាព នៃការផ្គត់ផ្គង់ ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការ ចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌ ៤យ៉ាង រួមមាន ៖ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ។

លោកបន្ដថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម តែងទទួលបានការគាំទ្រ និងការបង្កលក្ខណៈពីរាជរដ្ឋាភិបាល ដោយបានខិតខំជំរុញឲ្យមានការផ្តល់ទុនវិនិយោគជាច្រើនរយលានដុល្លារ សម្រាប់ការសាងសង់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែម នៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជន ផ្សេងទៀតនៅទូទាំងប្រទេស តាមរយៈហិរញ្ញប្បទានពី ដៃគូអភិវឌ្ឍន៍ ពីថវិកាជាតិ និងការចូលរួមចំណែក ពីផ្នែកឯកជន ធ្វើឲ្យវិស័យ ទឹកស្អាតមានការអភិវឌ្ឍយ៉ាងធំធេង ចាប់តាំងពីស្ទើរតែគ្មានអ្វីនោះ មកជាការផ្គត់ផ្គង់មួយដល់ចំនួនរយលានម៉ែត្រគូប និងគ្របដណ្តប់នៅគ្រប់ ទីប្រជុំជនជិតឆ្ងាយ រួមទាំងតំបន់ជនបទមួយចំនួនទៀត។

លោក បញ្ជាក់ថា «ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើង គួរឲ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារ ដែលទទួល បានទឹកស្អាតប្រើប្រាស់ មានប្រមាណ ជាង ១.០៩១.៨៦៩ គ្រួសារ គឺកើនឡើង ១១,៨% ធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ ៩៧៦.៦២១ គ្រួសារ ជាមួយបរិមាណផ្គត់ផ្គង់ទឹក ស្អាតចំនួន ៣៨៣.១៣៤.២៤៣ ម៉ែត្រគូប គឺមានការកើនឡើងចំនួន ៥.០៧៨.៣០៣ម៉ែត្រគូប បើធៀបនឹងឆ្នាំ២០២០»។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ក៏បានស្នើឲ្យអាជ្ញាធរខេត្ត សហការគាំទ្រ និងបង្កលក្ខណៈដល់គម្រោង អភិវឌ្ឍន៍ ទឹកស្អាតនានា នៅក្នុងខេត្តឲ្យ ដំណើរការ ទៅបានរលូនល្អ ព្រោះថា បញ្ហាទឹកស្អាត គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងជាតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ហើយត្រូវយកចិត្ត ទុកដាក់ ចូលរួមការថែរក្សាប្រភពទឹក ទាំងបរិមាណ និងគុណភាព ដើម្បីធានាបាននូវ និរន្តរភាព ក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ៕

To Top