ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ឲ្យរួមគ្នាជំរុញចាក់វ៉ាក់សាំងកូវីដ ដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីបញ្ចៀស ដាក់ចេញវិធានការដ្ឋបាល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការពង្រឹងការអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបម្លែងខ្លួនថ្មី ប្រភេទអូរីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបង្កើត និងរក្សាបានភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ ទៅនឹងជំងឺរាតត្បាតសកលកូវីដ១៩ ដើម្បីបញ្ចៀសការសម្រេច ដាក់ចេញវិធានការរដ្ឋបាលណាមួយ ជាយថាហេតុ ។

យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២បានឲ្យដឹងថា “រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់បណ្ដាអង្គភាពរដ្ឋ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវជំរុញការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងពង្រឹងការ អនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល” ។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ជូនជាថ្មីម្ដងទៀតថា គោលនយោបាយជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាន នូវការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ លើគ្រប់វិស័យ និងបានសម្រេចបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ។ ដូច្នេះបណ្ដាអង្គភាពរដ្ឋវិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរួមគ្នាជំរុញការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមូលដ្ឋាន និងដូសជំរុញ ព្រមទាំងពង្រឹងការ អនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្កើតនិងរក្សាបាន នូវភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ នឹងជំងឺរាតត្បាតសកលកូវីដ១៩ និងដើម្បីបញ្ចៀសការសម្រេចដាក់ចេញ នូវវិធានការរដ្ឋបាល ណាមួយជាយថាហេតុ ៕

To Top