ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវចូលរួមជំរុញ ការអប់រំផ្សព្វផ្សាយ ដល់កម្មករនិយោជិត ឲ្យបានដឹងអំពីភាពចាំបាច់ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ។
យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រសួងការងារ បានបញ្ជាក់ថា «សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់កម្មករ និយោជិតជ្រាប អំពីភាពចាំបាច់ ក្នុងការចាក់វ៉ាក់សាំង ដូសជំរុញ និងត្រូវសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និង ក្រុមគ្រូពេទ្យ នៃ កងយោធពលខេមរភូមិន្ទ រៀបចំការចាក់វ៉ាក់សាំង ដូសជំរុញ ដល់កម្មករនិយោជិតរបស់ខ្លួន នៅតាមទីតាំង រោងចក្រ សហគ្រាស ឬអនុញ្ញាតឲ្យកម្មករនិយោជិត បានទៅចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំង ដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិត ត្រូវចាក់វ៉ាក់សាំងដូសជំរុញ»។
ក្រសួង បន្ដថា ម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវបំពេញព័ត៌មាន នៃការចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាស អធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ផងដែរ។ ដូច្នេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវតែជំរុញកម្មករនិយោជិត ឲ្យទៅចាក់វ៉ាក់សាំងតាមការកំណត់ របស់អាជ្ញាធរមានសមត្ថកិច្ច៕