ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យអ្នកព័ត៌មានបញ្ចេញព័ត៌មានពិត មិនក្លែងបន្លំ និងបំផ្លាញចោលពួកឱកាសនិយម ជ្រកក្រោមស្លាកសារព័ត៌មាន

ភ្នំពេញ៖ សម្រាប់វេទិកាជួបជុំជាមួយ អ្នកកាសែតលើកទី៦ រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអ្នកសារព័ត៌មាន នាឆ្នាំ២០២២នេះ មិនបានប្រារព្ធនោះទេដោយសារបញ្ហាកូវីដ ប៉ុន្តែទោះមិនជួបជុំ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាច្រើនចំណុច ទៅកាន់អ្នកព័ត៌មានផងដែរ ។

ដោយសម្តេចបានណែនាំ អ្នកសារព័ត៌មានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងពេលរាជរដ្ឋាភិបាលកំពុង កំណែទម្រង់រដ្ឋដែលទាមទារឲ្យ អ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញព័ត៌មាន មិនកន្លែងបន្លំ ត្រូវបន្ដបំផ្លាញចោលពួកឱកាសនិយម ជ្រកក្រោមស្លាកសារព័ត៌មាន។

តាមរយៈសារលិខិត ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជានេះ សម្តេចតេជោ បានផ្ដល់អនុសាសន៍ដល់អ្នកសារព័ត៌មាន ដូចជា៖ សា្ថប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈ «ភូមិ ឃុំ មានសុវត្ថិភាព» ដោយធ្វើការផ្សព្វផ្សាយជំរុញឲ្យអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការ រាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាឲ្យមានសុវត្ថិភាព។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ថែមថា សា្ថប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើន ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយត្រូវបំពេញតួនាទី ជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនង ពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនមកស្ថាប័នរដ្ឋ វិញទាំងកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្ដែង ដែលតម្រូវឲ្យអ្នកសារព័ត៌មាន ចូលរួមឱ្យកាន់តែសកម្មថែមទៀត។

សម្ដេចតេជោបញ្ជាក់ថា «បន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព សុំឲ្យអ្នកសារព័ត៌មានរបស់យើង ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាល កំពុងជំរុញកំណែទម្រង់រដ្ឋ ដើម្បីឲ្យមានតម្លាភាពដែលទាមទារ ឲ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវបន្តបំផ្លាញចោលពួក ឱកាសនិយមដែលស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាក សារព័ត៌មានធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាពរបស់ អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន»។

សម្ដេចតេជោ បញ្ជាក់ទៀតថា អ្នកសារព័ត៌មានបន្តចូលរួម ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងនៅក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្ន តំណាងសារព័ត៌មានក៏មាន នៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ាន ដែលតម្រូវឲ្យស្ថាប័នព័ត៌មាន ធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឲ្យកាន់តែ សកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឲ្យសង្គម ទាំងមូលមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស ៕

To Top