ព័ត៌មានជាតិ

បេក្ខជនប្រឡង ជាប់បាក់ឌុប ជាង៧ម៉ឺននាក់ ខណៈនិទ្ទេស A មានជិត២ពាន់នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង២៧-២៨ ធ្នូ ជាប់ចំនួន៧២ ០១៦នាក់ ក្នុងនោះ បាននិទ្ទេស A ចំនួន១ ៧៥៣នាក់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា ដំណើរការនៃការប្រឡង រួមបញ្ចូលទាំងដំណើរ ការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងពុំមានឧបទ្ទវហេតុអ្វី គួរឲ្យកត់សម្គាល់ឡើយ ។ ក្រសួងថា ការប្រកាសលទ្ធផល ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ មករា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី១៥ មករា សម្រាប់ខេត្តដទៃទៀត។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបញ្ជាក់ថា «បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន៦៨.៦២%) ក្នុងនោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន៤៤៣ នាក់) និទ្ទេសB មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់) និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន៥៨៤៧ នាក់) និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន១៤ ១០០ នាក់) និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧-២៨ ធ្នូ ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្ត សរុប២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះដឹងទូទៅ ៤ ៤១៧ នាក់ ជាបេក្ខជនស្វ័យរិន ៣ ៤៣៦ នាក់ និងបេក្ខជនបំពេញវិជ្ជា ២០៣៥ នាក់ ៕

To Top