ព័ត៌មានជាតិ

ទិដ្ឋភាព​ទូទៅ ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះបេក្ខជន ​ប្រឡង​បាក់ឌុប

ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសារ និង​ប្លង់​បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិ​ប្រឡង ដែលត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​ថ្ងៃ​អាទិត្យ​នេះ​។

តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ខែ​ធ្នូ​នេះ​ ក្រសួងអប់រំ យុវជន និងកីឡា​ អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា៕

To Top