ភ្នំពេញ ៖ ទោះបីមានការរីករាលដាលជំងឺកូវីដ១៩ អស់រយៈពេល២ឆ្នាំ ពោលនៅក្នុងឆ្នាំ២០២០ និង២០២១កន្លងមកនេះក៏ពិតមែន ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ នៅតែអាចស្ថាបនា និងជួសជុលសួនច្បារ បានចំនួន២កន្លែងបានយ៉ាងរលូន ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ និងទុកជាកន្លែងឲ្យប្រជាពលរដ្ឋ បានហាត់ប្រាណ ដើម្បីសុខភាពផងដែរ ។
នៅថ្ងៃទី១៧ ខែមករានេះ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ឆ្នាំ២០២០ និង២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការងារស្ថាបនា និងជួសជុលសួនច្បារ បានចំនួន២កន្លែង បើទោះបីក្នុដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ពោលគឺ ដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
សួនច្បារ២កន្លែងនេះរួមមាន ៖ ទី១ ស្ថាបនាសួនច្បារថ្មី នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង ៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ បានស្ថាបនា បញ្ចប់១០០ភាគរយ។ សួនច្បារថ្មីនេះ រៀបចំឡើងឲ្យមាន ជាទីធ្លាសម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារ តែនៅមិនទាន់បានសាងសង់បង្គន់អានាម័យ និងចំណតរថយន្តហើយនៅឡើយទេ។
ការស្ថាបនាសួនច្បារថ្មីនេះ ត្រូវបានលោក សំ សាមុត លើកឡើងថា ដោយសារលោក ឃួង ស្រេង មើលឃើញថា នៅខណ្ឌសែនសុខនេះ ពីមុនមិនធ្លាប់មានសួនច្បារសាធារណៈ និងពិនិត្យឃើញទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ។
ក្នុងនោះក៏មានការជួសជុលកែលម្អរសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិផងដែរ ដោយសួនច្បារនេះត្រូវបានណែនាំ ឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញ កាលពីខែកក្កដា ឆ្នាំ២០២១ ចាប់ពីរូបសំណាក់ក្តាន់២ រហូតដល់ក្រសួងការពារជាតិដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច តែពេលនេះបានពង្រីកឲ្យផ្លូវធំទូលាយ មានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិ ទទឹង៤៥ម៉ែត្រ សម្រេចបាន១០០%។ សួនថ្មីនេះបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋ មានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕