ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ របស់អតីតផ្កាយ២ អ៊ុង ចាន់ធួក និង កូនចៅ២នាក់ ពាក់ព័ន្ធការរារាំង ដល់ការអនុវត្តវិធានការ សុខាភិបាលការពារកូវីដ១៩ (Video)

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការ រារាំងដល់ការអនុវត្តវិធានការ សុខាភិបាល និង វិធានការរដ្ឋបាល ការពារការរាតក្បាត ជម្ងឺកូវីដ១៩ ប្រព្រឹត្តនៅចំណុច នៅ ក្នុងភូមិ ដំណាក់ ធំ ២ សង្កាត់ ស្ទឹង មាន ជ័យ ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ៣នាក់ ខាងលើរូបនេះ មាន ឈ្មោះ ១៖ ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ មាន ឋានៈ អនុ ប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការ នគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ។ ២៖ ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣៖ ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

នៅក្នុងសំណរឿងក្តីនេះ សាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃ ទី២៩ ខែ មករាឆ្នាំ ២០២១ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ អ៊ុង ចាន់ធួក ដាក់ពន្ធនាគារ កំណត់ ១ឆ្នាំកន្លះ និង ពិន័យ៥ លានរៀល ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះឡាយ ភារុណ និង ឈ្មោះ កុក ឃី ត្រូវ បានតុលាការ ផ្តន្ទាទោស ដាក់គុកក្នុងម្នាក់ៗ កំណត់ ម្នាក់ ១ ឆ្នាំ ពិន័យ ៥ លានរៀល សម្រាប់ចូលថវិការដ្ឋ ។

ក្នុងចំណោមអ្នកទាំង៣នាក់ ត្រូវជាប់ចោទពីបទ រារាំងដល់ការអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល តាមមាត្រា ៤ និង១១នៃ ច្បាប់កូវីត.១៩ ។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេបានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍បានតម្កល់ទោសរបស់ពួក គេ រក្សាទុកដដែល។ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២១ នៅ ក្នុងភូមិ ដំណាក់ ធំ ២ សង្កាត់ ស្ទឹង មាន ជ័យ ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២២៕

ដោយ គា លីហ្សា

To Top
×