ព័ត៌មានជាតិ

CMH ៖ ការដំឡើងពន្ធថ្នាំជក់ ជាបំណងប្រាថ្នា​ របស់ពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្តិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា (CMH) បានថ្លែងថា ការដំឡើង ពន្ធថ្នាំជក់ ជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋកម្ពុជា ខណៈការស្ទង់មតិប្រជាពលរដ្ឋ ធ្វើឡើងដោយសកលវិទ្យាល័យជាតិ មានជ័យ កាលពីឆ្នាំ២០២១ មានពលរដ្ឋ ៩៤ភាគរយ គាំទ្រការដំឡើងពន្ធនេះ ។

ក្នុងវេទិកាស្ដីពី វិធានការពន្ធ លើផលិតផលថ្នាក់ជក់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក មុំ គង់ បានបញ្ជាក់ថា «ការដំឡើងពន្ធថ្នាំជក់ ជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋកម្ពុជា ។ ការស្ទង់មតិប្រជាពលរដ្ឋដែលធ្វើឡើង ដោយសកលវិទ្យាល័យជាតិមានជ័យ កាលពីឆ្នាំ២០២១ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ៩៤ភាគរយ គាំទ្រវិធានការដំឡើងពន្ធថ្នាំជក់» ។

លោកបន្ដថា ការដំឡើងពន្ធជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលអង្គការ សុខភាពពិភពលោក បានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ជាវិធានការ ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការឈឺ ស្លាប់ ពិការភាព ដែលបណ្ដាលមកពីការ ប្រើប្រាស់ថ្នាំជក់ ព្រមទាំងបង្កើតចំណូល ពន្ធបន្ថែមយ៉ាងច្រើនដល់រដ្ឋាភិបាលផងដែរ ប៉ុន្តែការសើ្នសុំការដំឡើង ពន្ធថ្នាំជក់នេះ តែងជួបប្រទះឧបសគ្គជាច្រើន។

ដោយឡែក លោក ទឹម វរ៉ា នាយកប្រតិបត្តិ គណៈកម្មាធិការសម្របសម្រួល សកម្មភាពសុខភាព មានប្រសាសន៍ថា «សមាជិកនៃបណ្ដាញ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការ លើវិស័យសុខភាព ច្រើនលើសលប់ សុំឲ្យមានការដំឡើងពន្ធថ្នាំជក់ ដោយសារតែថ្នាំជក់ជាផលិតផល ដែលបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ប្រជាពលរដ្ឋ»។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា ថ្នាំជក់ជាផលិតផល សម្លាប់មនុស្សប្រមាណ ៥០% នៃអ្នកប្រើប្រាស់។ រៀងរាល់ឆ្នាំ នៅទូទាំងសកលលោក មនុស្សប្រមាណ៧លាននាក់ បានស្លាប់ដោយកាប្រើប្រាស់ថ្នាំជក់ផ្ទាល់ និងប្រមាណ១លាននាក់ បានស្លាប់ដោយសារតែការស្រូបផ្សែងថ្នាំជក់ពីគេ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បានឲ្យដឹងដែរថា ការប្រើប្រាស់ថ្នាំជក់បណ្តាល ឲ្យកម្ពុជាខាតបង់គិតជាថវិកា ប្រមាណ៦៤៩ លានដុល្លារស្មើនឹង៣% នៃGDP របស់កម្ពុជា។ បើកម្ពុជា ដំឡើងពន្ធរហូតដល់៧៥ភាគរយ នៃតំលៃបារីលក់រាយ ឲ្យស្របតាម អនុសាសន៍របស់អង្គការ សុខភាពពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ។

លោកស្រី Bungon Ritthiphakdee អ្នកជំនាញអន្តរជាតិ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌល សកលសម្រាប់អភិបាលកិច្ចល្អក្នុងការត្រួតពិនិត្យថ្នាំជក់ បានបញ្ជាក់ថា ក្រុមហ៊ុនថ្នាំជក់បានទទួលស្គាល់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់នាំ ឲ្យតំលៃបារីឡើងថ្លៃ គឺមានប្រសិទ្ធភាពកាត់បន្ថយការប្រើប្រាស់ ដូចនេះ ក្រុមហ៊ុនថ្នាំជក់បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរារាំងការដំឡើងពន្ធថ្នាំជក់ ។ ល្បិចកល របស់ពួកគេ គឺផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាដំឡើងពន្ធថ្នាំជក់ ប៉ះពាល់ដល់អ្នកជក់បារី ដែលមានប្រាក់ចំណូលទាប និងនាំទៅរកការគេចពន្ធ។

សូមបញ្ជាក់ថា បច្ចុប្បន្នពន្ធថ្នាំជក់នៅកម្ពុជា មានអត្រា២៥ភាគរយ នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង៣១ភាគរយ សម្រាប់បារីនាំចូល ដែលអត្រានេះនៅមានកម្រិតទាបនៅឡើយ បើធៀបជាមួយអត្រា ពន្ធថ្នាំជក់ នៃប្រទេសអាស៊ានផ្សេងៗទៀត ។ អត្រាពន្ធថ្នាំជក់សមរម្យបំផុត ដែលណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោកគឺ ៧៥ភាគរយ នៃតម្លៃលក់រាយ៕

To Top