ព័ត៌មានជាតិ

លេខាធិការដ្ឋានអាស៊ាន ត្រៀមលក្ខណៈ រួចរាល់ក្នុងការ គាំទ្រកម្ពុជា ជាប្រធានអាស៊ាន

ភ្នំពេញ៖ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ថា លេខាធិការដ្ឋានអាស៊ាន បានត្រៀមលក្ខណៈ រួចរាល់​ ក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាន នូវសមិទ្ធផលរំពឹងទុកនានា របស់ខ្លួន សម្រាប់ផលប្រយោជន៍អាស៊ាន និងប្រជាជនរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានសង្កត់ធ្ងន់ អំពីការបេ្តជ្ញាចិត្តដ៏រឹងមាំ របស់កម្ពុជាក្នុងការជំរុញដំណើរការ កសាងសហគមន៍ អាស៊ាន តាមរយៈការពង្រឹងមជ្ឈភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។

ជាកិច្ចឆ្លើយតប លោក លឹម ចុក ហ៊ុយ បានបញ្ជាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការត្រៀមលក្ខណៈ រួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាននូវសមិទ្ធផលរំពឹងទុកនានា របស់ខ្លួន សម្រាប់ផលប្រយោជន៍អាស៊ាន និងប្រជាជនរបស់ខ្លួន។

ដោយឡែកក្នុងជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក លឹម ចុក ហ៊ុយ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ថា តើត្រូវធ្វើយ៉ាងណាដើម្បីជំរុញ កិច្ចប្រឹងប្រែងកសាង សហគមន៍អាស៊ាន ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីបញ្ហាប្រឈមចម្បងៗ ដែលអាស៊ានកំពុងជួបប្រទះ ដូចជា ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែង រវាងមហាអំណាចធំៗ បញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីផ្សេងៗទៀត និងបញ្ហាប្រឈមផ្នែកស្ថាប័នរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញនានា។ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជានឹងពុះពារដឹកនាំកិច្ចប្រឹងប្រែងសកម្មភាពតម្រង់ទិសអាស៊ាន (action-oriented efforts) ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីផលប្រយោជន៍នៃសន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់។

លោក លឹម ចុក ហ៊ុយ បានចែករំលែកនូវទស្សនៈអំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងតម្រូវការក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន។

ភាគីទាំងពីរ ក៏បានពិភាក្សាជាច្រើនលើអាទិភាព និងសមិទ្ធផលរំពឹងទុករបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានពិភាក្សាផងដែរលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ រួមមានសភាពការណ៍នៅមីយ៉ាន់ម៉ា និងវិធីធ្វើយ៉ាងណាជំរុញការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយជាចាំបាច់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក លឹម ចុក ហ៊ុយ ក៏មានជំនួបដាច់ដោយឡែកពីគ្នាផងដែរជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៕

To Top