ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់២ក្បាលទៀត ទៅព្រលែង​ ក្នុងសមុទ្រធម្មជាតិវិញ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាននាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង លើកទី១២៩។

គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់​ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់ និងសត្វល្មិចលើកនេះ គឺ KH 0390 និងKH 0391។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ដោយសារថាប្រសិនបើ មានការនេសាទបានសត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរ ធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូន អ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល ៕

To Top