បរទេស៖ រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសជប៉ុននិងបារាំង នឹងពិភាក្សាគ្នាពីសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នាថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលតំបន់នេះប្រឈមមុខនឹងឥទ្ធិពលយោធាកំពុងតែកើនឡើងរបស់ប្រទេសចិន និងការអភិវឌ្ឍមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិ លោក Nobuo Kishi គ្រោងប្រារព្ធធ្វើកិច្ចជំនួប ជាមួយសហភាគីបារាំង គឺលោក Jean-Yves Le Drian និងលោក Florence Parly តាមវីដេអូខល។
តាមសេចក្តីរាយការណ៍ ប្រទេសបារាំងមានទឹកដីក្រៅប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងដាក់កងកម្លាំងប្រដាប់អាវុធឲ្យឈរជើងនៅក្នុងតំបន់ ជាទីដែលភាពតានតឹងជុំវិញរឿងកោះតៃវ៉ាន់ កំពុងតែកើនកម្តៅខ្លាំឡើង ស្របពេលដែលចិនព្យាយាមអះអាងអធិបតេយ្យភាពរបស់ខ្លួនលើតៃវ៉ាន់ ហើយប្រទេសកូរ៉េខាងជើងបាញ់តេស្តមីស៊ីលខុសធម្មតា។
នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីក្រសួងការបរទេសមួយរូបបាននិយាយយ៉ាងដូច្នេះថា “ប្រទេសទាំងពីរ គឺជាប្រទេសដែនសមុទ្រនិងប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់សហប្រតិបត្តិការរវាងបារាំងនិងជប៉ុន សម្រេចឲ្យបាននូវសេរីភាពនិងភាពបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕ប្រែសម្រួល៖ប៉ាង កុង