នយោបាយ

សម្ដេចតេជោ ជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នាដោះស្រាយ បញ្ហាមីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារ ធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ា ឱ្យវិលទៅរកសភាពដើមវិញ។

ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនេះសម្ដេចតេជោ ស្នើសុំថា នឹងឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខនេះ គឺដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារនេះ ជាពិសេស នៅក្នុងការជំរុញការធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ានៅពេលខាងមុខនេះ ។

អ្វីដែលសំខាន់នៅក្នុងជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកអំពីគំនិតផ្ដួចផ្ដើមទាំងអស់នេះ គឺសម្ដេចចង់ឱ្យ រដ្ឋមន្ត្រីការបរទេស អាស៊ានទាំងអស់ នឹងជួបគ្នានៅពេលខាងមុខ ដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើម មួយចំនួន ក៏ដូចជាអ្វីដែលសម្ដេច បានមានប្រសាសន៍នាពេលនេះ ក៏ដូចជាកន្លងមកនេះ រួមទាំងសមិទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ ។

ពាក់ព័ន្ធករណី ដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា «អ្វីដែលសម្តេចធ្វើដំណើរ ទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើ តែមួយថ្ងៃ ពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ»។

សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ច ទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេសស្ថានភាព នៅមីយ៉ាន់ម៉ា ពីមុនហើយនិងស្ថានភាព នៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រក ពាក់ព័ន្ធនឹងសភាពការណ៏ នៅមីយ៉ាន់ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគស្មាញ នាពេលបច្ចុប្បន្ន។

សូមរំលឹកថា កាលពីថ្ងៃ១២ មករា លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានប្រកាសថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន (AMM Retreat) ដែលគ្រោង រៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ខាងមុខ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើ នាពេលក្រោយវិញ៕

To Top