កណ្ដាល ៖ ដោយមានការយកចិត្តទុកដាក់ ពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានណែនាំក្រុមការងារ ដំឡើងអំពូលសូឡា តាមដងផ្លូវជូនប្រជាពលរដ្ឋ ចំនួន៥៩ដើម និងបន្តដាក់បន្ថែមទៀត នៅមូលដ្ឋានភូមិបឹងក្រចាប់ជើង ដល់ភូមិបឹងក្រចាប់ត្បូង ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ការដាក់អំពូលសូឡាជាច្រើនដើម ជូនប្រជាពលរដ្ឋ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកម្ពស់សោភ័ណភាព ភូមិ-ឃុំ ព្រមទាំងការពារ សន្តិសុខ សុវត្ថិភាព នៅតាមដងផ្លូវ ជាពិសេសនោះ បង្កឲ្យមានភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាពលរដ្ឋពីផ្ទះមួយ ទៅផ្ទះមួយ ពីភូមិមួយ ទៅភូមិមួយ។

លើសពីនេះទៀត ការរៀបចំបំពាក់ភ្លើងអំពូលសូឡា ជូនប្រជាពលរដ្ឋនេះ ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ច ក្នុងគ្រួសារឲ្យមានភាពរីកចម្រើន តាមរយៈប្រកបអាជីវកម្ម លក់ដូរនៅពេលយប់។ ដូច្នេះប្រជាពលរដ្ឋ ត្រូវនាំគ្នាចូលរួម ថែរក្សាអំពូលសូឡា ដើម្បីឲ្យប្រើប្រាស់យូរអង្វែង ផងដែរ។
ក្នុងនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ហើយក៏អរណុអាជ្ញាធរ ស្រុកខ្សាច់កណ្ដាល បានយកចិត្តទុកដាក់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់ ចំពោះសុវត្ថិភាព ទាំងការធ្វើចរាចពេលយប់។ ឥឡូវនេះ នៅតាមមុខផ្ទះនីមួយៗ មានភ្លើងបំភ្លឺពេញមុខផ្ទះផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត គម្រោងដំឡើងភ្លើងបំភ្លឺផ្លូវតាមភូមិ និងស្រុក ខេត្តនានា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព នៅពេលយប់៕




