ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាឲ្យត្រួតពិនិត្យម៉ត់ចត់ ការដំឡើងតួនាទី និងឋានន្តរស័ក្ក ដល់មន្ត្រីនគរបាល (Video)

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមាន ការត្រួតពិនិត្យម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល ។ ការដាក់បទបញ្ជានេះ ដោយសារការត្រួតពិនិត្យ នាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន២០០០នាក់ ក្នុងចំណោម៤០០០នាក់ បានដឹកនាំគេ ដោយមិនបានរៀនវគ្គជំនាញមូលដ្ឋាន ទាល់តែសោះ។

ជាមួយគ្នានេះដែរ សម្តេចក៏បានឲ្យត្រួតពិនិត្យ ទៅលើមន្រ្តីដែលធ្វើការយូរឆ្នាំហើយ តែមិនបានឡើងស័ក្ត ខណៈមន្រ្តីខ្លះទើបចូលធ្វើការ តែបានឡើងតួនាទី និងស័ក្តជាដើម ដោយសារតែមានសាច់សាលោហិត ជាអ្នកធ្វើការខ្សែរធំ ។

ក្នុងពិធីប្រគល់រថយន្ត ១៩គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានលើកឡើងថា គ្រប់នគរបាលទាំងអស់ ត្រូវតែធ្វើការឆ្លងកាត់វគ្គជំនាញមូលដ្ឋាន យ៉ាងហោចណាស់ឲ្យបាន៤ខែ ដោយមិនអនុញ្ញាតឲ្យដំឡើងតួនាទី និងឋានន្តរស័ក្ក ដែលមិនបានធ្វើការរៀនសូត្រ វគ្គមូលដ្ឋានឡើយ។

សម្ដេចមានប្រសាសន៍ថា «តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាននគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅ ពុំបានទាន់ធ្វើការរៀនសូត្រ មុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោម៤ពាន់មុខតំណែង គឺបានរកឃើញ ជាង២ពាន់តំណែង ដែលមិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជាកំហុសឆ្គង ដែលយើងចាំបាច់ត្រូវតែធ្វើការកែប្រែ ដោយបានរកឃើញបញ្ហានេះ ហើយយើបានប្រជុំ ដើម្បីឯកភាពគ្នាដោះស្រាយរួចហើយ នឹងធ្វើការណែនាំ នាពេលឆាប់ៗខាងមុខនេះ»។

សម្ដេចបន្ដថា មន្រ្តីនគរបាលខ្លះ មានភ័ព្វវាសនាដោយក្នុងមួយឆ្នាំ ឡើងឋានន្តរស័ក្កមួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយ ពុំបានឡើងនឹងគេ ដូច្នេះហើយត្រូវ នាំគ្នាពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់ការប្រើប្រាស់ មនោសចេតនា បងប្អូន មិត្តភ័ក្រ ដើម្បីតួនាទី និងឋានន្តរស័ក្ក គប្បីក្រឡេកមើលមន្រ្តីណា ដែលពួកគាត់ខិតខំធ្វើការងារល្អ ហើយត្រូវលើកទឹកចិត្ត និងលើកកម្ពស់តួនាទី និងឋានន្តរស័ក្កដល់ពួកគាត់។

លើសពីនេះទៀត សម្ដេច ស ខេង បានបញ្ជាក់ថា គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្តី ក្នុងករណីចាប់បាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល មុខវិជ្ជាជំនាញរបស់នគរបាលជាតិ។

សម្តេចបន្ថែមថា កាលពីពេលកន្លងទៅ ការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ គឺបន្ថែមឲ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាព លើផែនការរយៈពេលមធ្យម បង្កើនដល់៦ខែ ហើយផែនការរយៈពេលវែង អាចឈានទៅដល់៨ខែ ៕

To Top