ព័ត៌មានជាតិ

លោក ប្រាក់ សុខុន៖ ដំណើរការសន្តិភាព នៅមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានធ្វើការបញ្ជាក់ជាថ្មីថា ដំណើរការសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង ។

ការលើកឡើងរបស់ប្រមុខការទូតខ្មែរលោកប្រាក់ សុខុន នៅចំពោះមុខបណ្តាលអង្គទូតមហាអំណាចមួយចំនួន និងមន្រ្តីជាន់ខ្ពស់របស់ក្រសួង នៅព្រឹកថ្ងៃ២៥ មករា ដោយបានលើកពីការផ្តល់ព័ត៌មានស្តីពីដំណើរ ទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។ សម្តេចតេជោបានធ្វើដំណើរ ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃ៧-៨ មករា ដោយបានលទ្ធផលមួយចំនួន ដូចជា បទឈប់បាញ់គ្នានៅមីយ៉ាន់ម៉ា និងការផ្តល់ជំនួយមនុស្សធម៌ជាដើម។

តាមរយៈបណ្តាញសង្គមលោក ប្រាក់ សុខុន ថ្លែងថា ជំនួបជាមួយបណ្តាអង្គទូតនេះ គឺចង់បង្ហាញឲ្យឃើញពីគោលបំណងរបស់កម្ពុជា ក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹងទាមទារការបង្កើនទំនុកចិត្តទៅវិញទៅមក។

លោកសង្កត់ធ្ងន់ថា “ខ្ញុំក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាពនេះ ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង” ។

លោកបន្តថា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែងសម្របសម្រួល ដំណើរការនេះ ប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូ ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់។

សូមបញ្ជាក់ថា ស្ថានការណ៍នយោបាយ នៅមីយ៉ាន់ម៉ានៅតែអូសបន្លាយមកដល់បច្ចុប្បន្ន ក្រោយមានរដ្ឋប្រហារទំលាក់លោកស្រី អោង សាន់ស៊ូជី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដោយធ្វើឲ្យមានបញ្ហាបាញ់ប្រហារកើតមានឡើងជាហូរហែរ ។ បញ្ហានេះ បានធ្វើមីយ៉ាន់ម៉ា ក្លាយជាប្រធានបទសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ៕

To Top