ព័ត៌មានជាតិ

ទូតចិន បង្ហាញជំនឿថា ថ្ងៃអនាគតចំណងមិត្តភាព និងសហប្រតិបត្តិការកងទ័ពកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ

ភ្នំពេញ ៖ ស្របពេលដែលសហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមបណ្ដាញផ្សព្វផ្សាយ សារជាថ្មី ជុំវិញករណីមូលដ្ឋានកងទ័ពរាម លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿថា ថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ ។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ការបង្ហាញជំនឿ របស់លោកទូតបែបនេះ ធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរ ឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីអំណរសាទរ និងជូនពរឯកអគ្គរដ្ឋទូតចិន អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យលើគ្រប់ការងារក្នុងឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណ ដល់បក្ស រដ្ឋាភិបាល កងទ័ពប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំង ផ្នែកបច្ចេកទេស ព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ ជា ពិសេសជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្រប សម្រួល ដល់ភាគីកម្ពុជា នៅក្នុងការបញ្ជាទិញ វ៉ាក់សាំងពីប្រទេស ចិន។

ក្នុងកិច្ចឆ្លើយតប លោក វ៉ាង វិនធាន បានថ្លែងអំណរគុណ ដល់ប្រតិភូអគ្គបញ្ជាការដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃមកជូនពរឆ្នាំថ្មី នាឱកាសនេះ ដោយលោកទូត បានមានជឿជាក់ថា «ក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរ វាងកងទ័ពប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ»៕

To Top