ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ៖ អាល្លឺម៉ង់ ជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា អាល្លឺម៉ង់​ គឺជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។

កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសមពី លោកស្រី ភីត្រា ស៊ីគមឹន អគ្គនាយកទទួលបន្ទុក កិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលទស្សនកិច្ច នៅកម្ពុជា។

ក្រោយបញ្ចប់ជំនួបលោករដ្ឋមន្ត្រីប្រាក់ សុខុន ថ្លែងថា កម្ពុជា និងអាល្លឺម៉ង់ ទើបតែបានសម្រេចសេចក្តីប្រកាសរួម ស្តីពីការពិគ្រោះយោបល់ទ្វេភាគី ដែលនឹងផ្តល់យន្តការសន្ទនា សម្រាប់ប្រទេសទាំងពីរ សំដៅបង្កើនការយោគយល់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាព ដែលអាចនាំមកនូវផលប្រយោជន៍ ដល់ប្រជាជនរបស់យើង ។

លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា “អាល្លឺម៉ង់គឺជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩” ។

លោកបន្ថែមថា កម្ពុជាក៏កោតសរសើរ ចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់។ ទន្ទឹមនឹងនេះ អាស៊ានបន្តវាយតម្លៃខ្ពស់ ដល់ទំនាក់ទំនង និងការចូលរួមចំណែក របស់អាល្លឺម៉ង់ ចំពោះតំបន់នេះ ៕

To Top