ព័ត៌មានជាតិ

សម្តេចតេជោ ស្នើសុំទីម័រខាងកើត ទិញអង្ករពីកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ។

ជាមួយគ្នានេះ ករណីបញ្ជាទិញអង្ករពីកម្ពុជា សម្តេចតេជោក៏មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូ វ ទាំងខាងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់អង្ករ ទៅកាន់ប្រទេសទីម័រខាងកើត ។
នេះជាការលើកឡើង របស់សម្តេចតេជោ ក្នុងជំនួបជាមួយ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត នាថ្ងៃ២៨ មករា ។

បើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២១ កម្ពុជានាំចេញអង្ករក្នុងបរិមាណសរុប៥៣២ ១៧៩ តោន ថយចុះ ១១,៤៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥ តោន។ ទីផ្សារទទួលទិញអង្ករពីកម្ពុជា រួមមាន ៖ សហភាពអឺរ៉ុប (២២ ប្រទេស) , ប្រទេសចិន , តំបន់អាស៊ាន (៧ ប្រទេស) និងទិសដៅដទៃទៀត (២៤ ប្រទេស) ។ អង្ករនាំចេញ រួមមាន ៖ អង្ករក្រអូបគ្រប់ប្រភេទ , អង្ករសគ្រប់ប្រភេទ និងអង្ករចំហុយ ៕

To Top