ព័ត៌មានជាតិ

ពេញមួយខែមករា មានភ្ញៀវទេសចរជាង ៣លាននាក់បានដើរកម្សាន្ដ

ភ្នំពេញ៖ សរុបរយៈពេលពេញមួយ ខែដើមឆ្នាំ២០២២ ដោយរាប់ចាប់ពីបុណ្យឆ្លងឆ្នាំសកល ប្រទេសកម្ពុជា មានភ្ញៀវទេសចរប្រមាណ ៣ ១៥៨ ៥៣៧ នាក់ បានដើរកម្សាន្ដ ដែលនេះអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ ដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុង។

តាមរយៈគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលជាប់ខ្សែស្រឡាយចិន បានត្រៀមសម្រាប់ ពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន ដែលប្រារព្ធទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាធ្វើដំណើរកម្សាន្ដនានា ទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការក្ដី។

ជាមួយចរន្ដភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ បានបន្តណែនាំឱ្យមន្ទីរ ទេសចរណ៍ ប្រតិបត្ដិករទេសចរណ៍ និងវិស័យ ឯកជន បន្តពង្រឹងការអនុវត្ដវិធានការ សុវត្ថិភាពទេសចរណ៍ និង SOP ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសនាឱកាស ចូលឆ្នាំប្រពៃណីចិននេះ៕

To Top