ព័ត៌មានជាតិ

សម្ដេច​ ស​ ខេង​ សង្ឃឹមថា​ និស្សិតកម្ពុជា​ទៅសិក្សា នៅអូស្ដ្រាលី​ នឹងយកចំណេះដឹង ចូលរួមកសាង ប្រទេសជាតិ

ភ្នំពេញ​ ៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញ​ក្ដី​សង្ឃឹមថា​ និស្សិតកម្ពុជា​ ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី​ នឹងយកចំណេះដឹង​មកចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិវិញ។

ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន២៧រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ​ នាថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ២០២២​ សម្ដេច ស ខេង បានអបអរសាទរ ចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលបានតស៊ូសិក្សារៀនសូត្រ ក្នុងរយៈពេលកន្លងមករហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។

សម្ដេច​ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់និស្សិតជ័យលាភីទាំងអស់ បើទោះបីជាជាប់ការងារប្រចាំថ្ងៃជាបុគ្គលិក នៅវិស័យឯកជន និងជាមន្ត្រីរាជការក្តី តែបានបញ្ចេញសមត្ថភាពរហូតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។

សម្តេច​ បន្ថែមថា ការខិតខំទាំងនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការស្វែងរកចំណេះវិជ្ជា ដើម្បីកសាងអនាគតរបស់ខ្លួនផង ក៏ដូចជាបានចូលរួមចំណែកក្នុងការកសាងអនាគតរបស់ប្រទេសជាតិយើងផង។

សម្ដេច ស ខេង មានប្រសាសន៍ថា​ «សង្ឃឹមជឿជាក់ថា និស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលីទាំងអស់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះរហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងយកចំណេះដឹងទាំងនេះ មកចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិវិញ»។

សូមជម្រាបជូនថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកលទ្វេភាគីនិងតំបន់។

Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ ដែលមានបំណងនាំយកនូវឥទ្ធិពលវិជ្ជមានមកកាន់ប្រទេសរបស់ពួកគេ ក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត៕

To Top