ព័ត៌មានជាតិ

សម្តេច ស ខេង ឲ្យពន្លឿនការគូរប្លង់ ទីតាំងសាលាក្រុងបូកគោ ដើម្បីកសាងកន្លែងធ្វើការ ឲ្យសមរម្យដូចក្រុងផ្សេងៗ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ក្រុមការងារពាក់ព័ន្ធ ពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារ ឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តា ក្រុងផ្សេងៗ ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត ដែលក្នុងនោះក៏មានការចូលរួមពី ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងភាគីពាក់ព័ន្ធមួយចំនួនទៀត ។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជន មករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោ ដែលកំពុងមានការអភិវឌ្ឍ។

សម្ដេចបន្តថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ រដ្ឋបានសម្រេចរៀបចំទីតាំង អគាររដ្ឋបាលក្រុងបូកគោជា ២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរ ច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។

សម្តេច បានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅ រដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង ៕

To Top