ភ្នំពេញ៖ ក្រោយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ប្រកាសត្រៀមធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ប្តូរវេននៅឆ្នាំ២០២២ សម្រាប់ដំណើរចូលរួមប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងខែមីនា ខាងមុខនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ស្មើនឹងធ្វើបាតុកម្មប្រឆាំងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដែរ ។
ការធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ស្មើនឹងប្រឆាំងលោក បៃដិន នេះ ព្រោះលោក បៃដិន បានអញ្ជើញសម្តេច ឲ្យចូលរួមប្រជុំដោយផ្ទាល់ ។ នេះបើតាមឲ្យដឹងពីលោក សុខ ឥសានដដែល ។
តាមរយៈបណ្តាញសង្គមតេឡេក្រាម នាថ្ងៃ៧ កុម្ភៈ លោក សុខ ឥសាន បានលើកឡើងថា “ខ្មែរនៅអាមេរិកមួយចំនួនចង់តាំង ខ្លួនជាមេកើយលោក បៃដិន ទើបលោក បៃដិន អញ្ជើញសម្តេចតេជោទៅអាមេរិក បែរជាឯងចង់នាំគ្នាធ្វើបាតកម្មប្រឆាំង ។ បើធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ស្មើប្រឆាំងលោកបៃដិន ព្រោះសម្តេចតេជោ ទៅសរដ្ឋអាមេរិកលើកនេះ គឺជាភ្ញៀវរបស់លោកប្រធានាធិបតី ចូ បៃដិន។ បើជាភ្ញៀវកិត្តិយស តើសហរដ្ឋអាមេតិក នឹងទទួល និងការពារយ៉ាងណាដឹងហើយ” ។
លោកបន្តថា ដូច្នេះអ្នកដែលបានទៅ រស់នៅអាមេរិកយូរឆ្នាំហើយ ល្មមដឹងពីច្បាប់ទម្លាប់ហើយ ។ លោកថា “មិនគួរខ្មែរមួយចំនួននៅភ្លើទៀត” ។
បន្ថែមពីលើនេះទៀត លោក សុខ ឥសានថ្លែងថា សម្តេចតេជោ អញ្ជើញទៅអាមេរិក នឹងដើរលើព្រំក្រហម ដូច្នេះខ្មែរមួយចំនួន ដែលចង់ធ្វើបាតុកម្មប្រឆាំង បែបមិនបានទៅជិតសម្តេចផងទេ ។ ម្យ៉ាងទៀតបើខ្មែរមួយចំនួនចង់ ធ្វើបាតុកម្មប្រឆាំងសម្តេច បែបចង់ស្គាល់ប៉ូលីសអាមេរិក ហើយមើលទៅ ។
សម្រាប់ដំណើរទៅអាមេរិក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ របស់សម្តេចតេជោនោះ ត្រូវបានលោក សុខ ឥសាន បង្ហាញទស្សនយល់ឃើញទៀតថា ជាកិត្តិយសខ្លាំងណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលោកប្រធានាធិបតីអាមេរិក អញ្ជើញប្រជុំកំពូលអាស៊ាន-អាមេរិក ។
តាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី នាថ្ងៃ៧ កុម្ភៈ បានឲ្យដឹងថា “ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំង នឹងវត្តមានសម្តេចតេជោ នៅពេលអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខ។ ពួកគេអះអាងថា ការធ្វើបាតុកម្មនេះ ដោយសារមិនពេញចិត្តនឹង សម្តេចតេជោដែលបំផ្លាញប្រជាធិបតេយ្យ និងឱបក្រសោបចិន ដើម្បីផលប្រយោជន៍គ្រួសារត្រកូលហ៊ុន ដោយមិនគិតគួរពីទុក្ខរបស់ពលរដ្ឋនោះទេ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៤ មករា លោក ចូ បៃដិន បានផ្ញើលិខិតជូនសម្តេចតេជោ បញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍សម្តេច ទៅចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ហើយនៅថ្ងៃ១ កុម្ភៈ ក៏បានផ្ញើលិខិតថ្លែងអំណរគុណទៅលោក បៃដិន វិញដែរ បញ្ជាក់ពីការអរគុណ និងការធ្វើដំណើរទៅចូលរួមប្រជុំនេះ។
ក្នុងលិខិតរបស់សម្ដេចតេជោបញ្ជាក់ថា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចអះអាង សារជាថ្មីពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្រាប់លោក បៃដិនវិញ បង្ហាញអារម្មណ៍ថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា អាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-អាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួម នៅក្នុងតំបន់ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ នាថ្ងៃ៧ កុម្ភៈ សម្ដេចតេជោ បានថ្លែងឲ្យដឹងដែរថា សម្តេចបានទទួលលិខិតពី ប្រធានាធិបតីអាមេរិក លោកចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក យូរថ្ងៃមកហើយ តែសម្តេចមិនទម្លាយ ដោយរង់ចាំប្រតិកម្មរបស់ក្រុមប្រឆាំង ហើយលទ្ធផលរបស់ក្រុមប្រឆាំងក៏ចេញមកមែន ដោយនិយាយបំផ្លើសថា អាមេរិកលុបចោលកិច្ចប្រជុំ ដោយសារមិនពេញចិត្ត សម្តេចជាប្រធានអាស៊ាន ។ ប៉ុន្តែការវិភាគរបស់ពួកគេ គឺខុសស្រឡះ ទាំងស្រុងទាំងម្តង ៕