ព័ត៌មានជាតិ

គ.ជ.ប ណែនាំ គណបក្ស​ នយោបាយ ចង់ប្រកួតប្រជែង ការបោះឆ្នោត ឃុំ-សង្កាត់ ត្រូវចុះបញ្ជីជាបេក្ខជន

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ​អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយ មានបំណង ប្រកួតប្រជែង ការបោះឆ្នោតនេះ ត្រូវរៀបចំដាក់ពាក្យ ចុះបញ្ជីជាបេក្ខជន នៃគណបក្សនយោបាយជាមុនសិន ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន គ.ជ.ប។

ក្នុងពិធីបិទបញ្ចប់ ការបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន ៤លើករួចមកហើយ។

លោក បានបញ្ជាក់បន្ថែមថា «សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ ដោយដៃទៅគណៈកម្មការ ឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ដូចដែលគណបក្សនយោបាយធ្លាប់បានអនុវត្តកន្លងមក»។

លោក ប្រធាន គ.ជ.ប បានបន្តថា គណបក្សនយោបាយអាចស្នើសុំ គ.ជ.ប បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប។ លោក ក៏បានលើកឡើងថា បច្ចេក-វិទ្យាដែល គ.ជ.ប បានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺទទួលបានលទ្ធផលល្អ ហើយឥឡូវនេះ គ.ជ.ប បានដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

លោក សង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

យោងតាមប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈពេល3ថ្ងៃ គឺពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ ហើយការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយនេះ ធ្វើនៅទីស្នាក់ការគណៈកម្មការ ឃុំ-សង្កាត់ រៀបចំការបោះឆ្នោត៕

To Top